(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកពុលស្រាថ្នាំចិនសែតាំងគួយ នៅភូមិចំនួន០៩ ស្ថិតក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កើនដល់៤៤នាក់ ក្នុងនោះស្លាប់៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន១៥នាក់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា អ្នកពុលស្រាថ្នាំចិនសែតាំងគួយ មានច្រើនកន្លែងផ្សេងៗគ្នា ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ រួមមាន៖
*ទី១៖ នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ចំនួន០២នាក់ ជាកម្មករសំណង់ (ឪពុក និងកូនប្រសា តែឪពុកបានស្លាប់)
*ទី២៖ នៅភូមិបន្ទាយទី១ (ខ្លាងាប់) ឃុំទួលពង្រ ស្រុកម៉ាឡៃ តែជាអ្នករស់នៅភូមិភ្នំរូង ឃុំបឹងបេង នៃស្រុកម៉ាឡៃ ចំនួន០៥នាក់ (បុរសអ្នកបើកឡានដឹកដី ម្នាក់ (ស្លាប់) បុរសអ្នកបើកម៉ែខូង (អេស្កាវ៉ាទ័រសម្រាប់កាយដី) ម្នាក់ និងបុរសកម្មករ ០៣នាក់)
*ទី៣៖ នៅភូមិអូរស្នំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ចំនួន០៥នាក់ (បុរសជាងផ្សាដែកចំនួន ០៣នាក់ (ម្នាក់ស្លាប់) មានទីលំនៅឃុំចំណោម ស្រុកមង្គលបុរី កម្មករសំណងម្នាក់ និងបុរសនៅផ្ទះម្នាក់)
*ទី៤៖ បុរសកម្មករសំណង់ ចំនួន០៥នាក់ (ស្លាប់ម្នាក់) ពិសាស្រានៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តែពួកគាត់ជាអ្នករស់នៅភូមិអូរអណ្ដូង ឃុំបន្ទាយនាង ស្រុកមង្គលបុរី
*ទី៥៖ ពិសាស្រានៅភូមិសាមគ្គីមានជ័យ ក្រុមហ៊ុនសំណង់មួយ (នៅដើមស្រល់) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន០៥នាក់ ជាបុរសកម្មករសំណង់ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល (ស្លាប់ម្នាក់)
*ទី៦៖ ក្រុមពិសាស្រាកំដរបុណ្យសពម្ដាយក្មេក នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន១៤នាក់ (ស្រី០៣នាក់ និងបុរសស្លាប់ម្នាក់ ជាកូនប្រសារសពខាងលើ)
*ទី៧៖ ពិសាស្រានៅភូមិព្រៃគប់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ០២នាក់ (ស្លាប់ម្នាក់ ជាបុរសកម្មករគ្មានផ្ទះសម្បែង) និងសង្គ្រោះបន្ទាន់ដោយលាងឈាម នៅមន្ទីរពេទ្យខេត្តសៀមរាបម្នាក់
*ទី៨៖ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន០៣នាក់
*ទី៩៖ នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ចំនួន០២នាក់ (បុរសជាកម្មករ)។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកជំងឺដែលនៅសល់កំពុងសម្រាកពេទ្យសរុបមាន ចំនួន១៥នាក់ ក្នុងនោះ មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី មានចំនួន០៩នាក់, មន្ទីរពេទ្យប៉ោយប៉ែត មានចំនួន០៥នាក់ និងមន្ទីរពេទ្យខេត្តសៀមរាបម្នាក់។ ក្រៅពីនោះពួកគាត់បានទទួលការព្យាបាលបានធូរស្បើយ ហើយបានចេញពីមន្ទីរពេទ្យ វិលត្រឡប់ទៅផ្ទះសម្បែងរៀងៗ ខ្លួនរួចហើយដែរ។
លោកស្រី ឱ វណ្ណឌីន បានបន្ដថា លទ្ធផលវិភាគសំណាកស្រា ដែលទទួលបានពីមជ្ឈមណ្ឌលជាតិពិសោធន៍ នៃក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោមនេះ៖
*សំណាកដែលបានយកនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានកម្រិតមេតាណុល ១៣,៥%
*សំណាកដែលបានយកនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុល ១៤,៩%
*សំណាកដែលបានយកនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុលរហូតដល់ ១៥,១%។
ដោយឡែក រោគសញ្ញា ដែលកើតមាននៅពេលដែលអ្នកពុលស្រាខាងលើនេះ បានចូលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យម៉ាឡៃ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ មានអ្នកខ្លះមានអាការរៈ កួត ចុកដើមទ្រូង និងស្រវាំងភ្នែក និងអ្នកខ្លះទៀត មានអាការៈធ្ងន់ធ្ងរ ដោយមានស្ថានភាពសន្លប់ និងរីកប្រស្រីភ្នែក ដែលជាទូទៅរោគសញ្ញា នៃការពុលស្រានេះ គឺមានអាការៈឈឺក្បាល អស់កម្លាំង វិលមុខ កួត ស្រវាំងភ្នែក និងពិបាកដកដង្ហើម។
សូមជម្រាបថា ពាក់ព័ន្ធករណីពុលស្រានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតផ្លូវការមួយជូនអភិបាលរាជធានីខេត្តទាំងអស់ ឲ្យអនុវត្តន៍គោលការណ៍ណែនាំ ស្ដីពីការពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រាមានសារធាតុមេតាណុលកម្រិតខ្ពស់។
លោក ម៉ម ប៊ុនហេង បានលើកឡើងថា កន្លងមកក្រសួងសុខាភិបាល បានសង្កេតឃើញថាមានការផ្ទុះ ឡើងនូវការពុលស្រា បណ្ដាលមកពីមានសារធាតុ មេតាណុល ក្នុងស្រាលើសកម្រិតដែល អាចបណ្ដាលឱ្យប៉ះពាល់សុខភាពរហូតដល់បាត់បង់ជីវិត ចំពោះអ្នកហូបស្រាទាំងនោះ ដូចជាករណីពុលស្រា នៅខេត្តកំពង់ឆ្នាំង ក្រចេះ និងក្នុងពេលថ្មីៗនេះ នៅខេត្តបន្ទាយមានជ័យ ដែលក្រសួងបានរកឃើញថា ក្នុងស្រាទាំងនោះ មានកម្រិតមេតាណុលខ្ពស់ បណ្ដាលឱ្យអ្នកហូបមួយចំនួនបាត់បង់ជីវិត៕