(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំតាមរយៈវីដេអូ Video Conference ពេញមួយព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ភាគីកម្ពុជា និងភាគីចិន បានស្វាគមន៍ចំពោះការសម្រេចបានការព្រមព្រៀងជាឯកច្ឆន្ទ ពេលចរចាជុំទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងរំពឹងថានឹងបញ្ចប់ការចរចាក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល តាមរយៈវីដេអូ Video Conference ជាមួយលោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន សហប្រធានខាងភាគីចិន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងសេចក្តីប្រកាសរួមនេះដែល ភាគីទាំងពីរ បានឯកភាពគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលវេលាសមស្រប និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនជាច្រើនទៀត មកវិនិយោគនៅកម្ពុជា និងអនុវត្តគម្រោងសហប្រតិបត្តិការ ក្នុងផែនការអភិវឌ្ឍន៍ វិស័យកសិកម្ម, ការពារបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ល។

បន្ថែមពីនេះ ភាគីទាំងពីរនឹងពន្លឿនការអនុវត្ត ពិធីសារស្តីពី ការនាំចេញស្វាយកម្ពុជា ទៅកាន់ប្រទេសចិន ដែលបានចុះហត្ថលេខាថ្មីៗនេះ និងសកម្មពង្រីកការនាំចេញចេក ដំឡូងមី និងផលិតផល កសិកម្មកម្ពុជា ដែលមានគុណភាពផ្សេងទៀត។

ភាគីចិន នឹងពិនិត្យយ៉ាងសកម្មក្នុងការផ្តល់មូលនិធិគាំទ្រ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អាទិភាពរបស់កម្ពុជា រួមមាន៖ ផ្លូវថ្នល់ ស្ពាន បណ្តាញអគ្គិសនី ទំនប់ទឹក និងប្រព័ន្ធធារាសាស្ត្រជាដើម។ ភាគីចិននឹងបន្តគាំទ្រកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ភាគីទាំងពីរ ឯកភាពគ្នាចរចាលើផែនការអនុវត្តថ្មី សម្រាប់កិច្ចសហប្រតិបត្តិការ វប្បធម៌ និងកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ប្រទេសទាំងពីរ នឹងជំរុញទេសចរជាច្រើនទៀត ឱ្យទៅទស្សនាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតឱ្យមាន one-way និង close-loop chartered planes សម្រាប់ភ្ញៀវទេសចរ ប្រសិនបើលក្ខខណ្ឌតម្រូវនានា ត្រូវបានអនុញ្ញាត ដើម្បីជំរុញការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍។

គម្រោងមួយចំនួនគួរចាប់ផ្តើមអនុវត្តឡើងវិញ តាមដែលអាចធ្វើទៅបានដោយមានការពិចារណាអំពីការរីករាលដាលនៃជំងឺឆ្លងផងដែរ ក្នុងនោះមានការផ្លាស់ប្តូរនៃក្រុមវប្បធម៌, ការអភិរក្ស និងស្តារ បេតិកភណ្ឌនៅតំបន់អង្គរ និងការបណ្តុះបណ្តាលអត្តពលិកកម្ពុជាជាដើម។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តកិច្ចសម្របសម្រួលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន, កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងក្របខ័ណ្ឌអង្គការសហប្រជាជាតិជាដើម។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ គាំទ្រការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន បូកចិន, ជប៉ុន និងកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពីការ ប្រយុទ្ធនឹងជំងឺរាតត្បាត នាពេលឆាប់ៗខាងមុខនេះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ក្នុងឆ្នាំនេះ៕