(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយ ដែលបានផ្សាយបំភ្លៃលើបណ្តាញសង្គមថា មានការចាក់ដីលុបទន្លេវាយគោ ដើម្បីធ្វើជាអាកាសយាន្តដ្ឋាន ឬពុះជាដីឡូតិ៍។

បើតាមរដ្ឋបាលខេត្តស្វាយរៀង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែមិថុនានេះថា ចំពោះការចាក់ដីនេះ គឺជាការស្ថាបនាផ្លូវទំនប់ទប់ក្រវាត់ក្រុងស្វាយរៀងថ្មី មួយទៀត ដែលមានប្រវែងជាង១គីឡូម៉ែត្រ ក្នុងនោះការសាងសង់ទំនប់នេះឡើង ដើម្បីបញ្ចៀសការជន់លិចទឹកមកលើលំនៅដ្ឋានប្រជាពលរដ្ឋនៅខាងលិចទំនប់ថ្មីនេះផងដែរ ដែលជាគម្រោងសាងសង់របស់ក្រសួងធនធានទឹក និងឧតុនិយម។

អាស្រ័យហេតុនេះ សូមសាធារណៈមតិនៅលើបណ្តាញសង្គមមេត្តាជ្រាប និងកុំមានការយល់ច្រឡំ៕