(ព្រះវិហារ)៖ សម្តេចព្រះសង្ឃរាជ ទេព វង្ស នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានយាងចុះសួរសុខទុក្ខសំណេះសំណាល និងព្រះរាជទានអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជានាយ និងពលនគរបាល ដែលឈរជើងនៅទិសទី១ ប្រាសាទព្រះវិហារ នៅទីបញ្ជាការកងអង្គរក្ស៩៥ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

កម្មពិធីព្រះរាជទានអំណោយដល់កងទ័ព និងយោធា នៅខេត្តព្រះវិហារ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ និងវត្តមានរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ឺង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានថ្លែងអំណរព្រះគុណចំពោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងសម្តេចគណៈសង្ឃនាយក ដែលបានយកចិត្តទុកដាក់និមន្តមកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ មាន កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ការពារព្រំដែន តំបន់ទិសប្រាសាទព្រះវិហារ នាពេលនេះ។

នាយឧត្តមសេនីយ៍ បានចាត់ទុកថា ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកទឹកចិត្តដល់នាយ ពលទាហាន និងកងនគរបាលជាតិ ដែលកំពុងការពារបូរណភាពទឹកដី។ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ថានភាពព្រំដែនមានសភាពល្អប្រសើរ។

បើតាមនាយឧត្តមសេនីយ៍ ស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឲ្យបណ្តោយព្រំដែនក្លាយជាតំបន់មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ សូមប្តេជ្ញាការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ការពារព្រះពុទ្ធ សាសនា និងការពារបូរណភាពទឹកដី។

សម្តេចសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានមានព្រះរាជបន្ទូលអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ហើយចាត់ទុកសម្តេចតេជោ ជាមនុស្សសង្ហា ទាំងកាយ ទាំងវាចារចិត្ត លើកាដឹកនាំប្រទេសជាតិ ដែលធ្វើឲ្យប្រជាជនរស់រានមានជីវិត ប្រទេសជាតិមានសុខសន្តិភាព និងការកសាង អភិវឌ្ឍន៍លើគ្រប់វិស័យ។

សម្តេចព្រះសង្ឃរាជ ទេព វង្ស ក៏បានកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ ពិសេសប្រចាំតំបន់ទិសប្រាសាទ ព្រះវិហារ ដែលបានលះបង់ អាយុជីវិត ក្នុងការការពារបូរណភាពទឹកដី។ សម្តេចបានបួងសួងសុំឲ្យ ប្រទេសជាតិ កងកម្លាំងប្រដាអាវុធ និងប្រជាជនកម្ពុជា រួចចាកផុតពីជំងឺកូវីដ១៩ ហើយលើកទឹកចិត្តឲ្យកងកម្លាំងប្រដាប់អាវុធ និងកងនគរបាលជាតិ ថែរក្សាការពារសុខភាព ដោយហូបស្អាត និងរស់នៅប្រកបដោយមានអនាម័យផងដែរ។

ក្នុងឱកាសនោះ សម្តេចសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានផ្តល់ជូនបញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដែលក្នុងមួយអង្គភាពៗ ទទួលបានអង្ករ១០តោន, មី៥០កេស, ត្រីខ ២០កេស, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ១០០កេស, ទឹកក្រូច៥០កេស, ទឹកដោះគោខាប់ ១២កេស និងថវិកា១៤លានរៀល។ ឧបត្ថម្ភដល់កងនគរបាលជាតិការពារព្រំដែន មានអង្ករ ៥តោន, មី២៥កេស, ត្រីខ១០កេស, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, ទឹកសុទ្ធ ៥០កេស, ទឹកក្រូច ៥០កេស, ទឹកដោះគោខាប់ ១០កេស និងថវិកា៧លានរៀល៕