(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានលើកឡើងថា ដើម្បីឲ្យវិស័យកសិកម្មរបស់កម្ពុជាមានការរីកចម្រើន និងមាននិរន្តរភាពក្នុងការផ្គត់ផ្គង់ និងនាំចេញនោះ តម្រូវឲ្យអ្នកសិកម្មត្រូវមានមនសិកា និងក្រមសីលធម៌វិជ្ជាជីវៈ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក ងិន ឆាយ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។

លោកបានថ្លែងថា «អ្នកកសិកម្មដូចគ្រូពេទ្យដែរ ត្រូវមានមនសិកាវិជ្ជាជីវៈ បើគ្មានអស់នេះទេ ការដាំដុះរបស់យើងមិនអាចឈានចូលដល់ទីផ្សារ និងមានគុណភាពផ្តល់និរន្តរភាពបានទេ»

មនសិកា និងក្រមសីលធម៌វិជ្ជាជីវៈ ដែលលោក ងិន ឆាយ លើកឡើងនោះរួមមាន៖ ១៖ ការអភិវឌ្ឍន៍ផលិតកម្មត្រូវតែមាននិរន្តរភាព និងមិនបំផ្លាញប្រព័ន្ធបរិស្ថានដំណាំ, ២៖ គិតពីគុណភាព និងសុវត្ថិភាព និង ៣៖ មាននិរន្តភាពទីផ្សារទាំងជាតិ និងអន្តរជាតិ។

លោក ងិន ឆាយ បញ្ជាក់ទៀតថា បើសិនអ្នកសិកម្មមិនមានមនសិកាទាំង៣នេះទេ វិស័យកសិកម្មនឹងគ្មាននិរន្តរភាព និងមិនអាចឈានជើងទៅកាន់ទីផ្សារអន្តរជាតិបានទេ៕