(ភ្នំពេញ)៖ តបតាមការស្នើសុំពីលោកឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាធិការរង និងជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យការពារជាតិ វាគ្មិនចំនួន២រូប គឺលោក ទុំ ប៉ែនវីរៈវិទូ នាយកប្រតិបត្តិអង្គការពន្លឺអភិវឌ្ឍជនក្រីក្រ និងលោក តាំង កក់ ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើបទបង្ហាញ ស្តីពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ និងបាននាំយកសៀវភៅ ហ៊ុនសែនកម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ ចំនួន២០០ក្បាលបន្ថែមទៀត មកចែកជូនដល់និស្សិតនៃសាកលវិទ្យាល័យនេះ ដើម្បីសិក្សាស្វែងយល់។

លោក ទុំ ប៉ែនវីរៈវិទូ និងលោក តាំង កក់ បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលបានមកចូលរួមធ្វើបទបង្ហាញ និងនាំយកសៀវភៅ ហ៊ុន សែនកម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ ចំនួន២០០ក្បាលបន្ថែមទៀត មកចែកជូនដល់និស្សិតនៃសាកលវិទ្យាល័យការពារជាតិ។ ដោយឡែក ប្រធានបទដែលត្រូវធ្វើបទបង្ហាញនាពេលនេះ គឺការចែករំលែកនូវបទពិសោធន៍ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាតិអន្តរជាតិ និងប្រធានបទ កម្ពុជា និងឱកាសប្រឈមនឹងមេរោគ Covid-19 ដែលក្នុងនោះ វាគ្មិនក៏បានបង្ហាញពីបទពិសោធន៍ស្តីពីទំនាក់ទំនងជាតិ និងអន្តរជាតិ មានភូមិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ច ជាពិសេសគឺបានរំលឹកឡើងវិញ អំពីគុណូបការៈរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម។

លោកបានបន្តថា ចំពោះសៀវភៅ ហ៊ុន សែនកម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ ដែលត្រូវយកមកចែកជូននាពេលនេះ ក្នុងគោលបំណង ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមទៀត ដល់និស្សិតនៃសាកលវិទ្យាល័យការពារជាតិ និងជួយផ្សព្វផ្សាយអោយមានការយល់ដឹងអំពីជីវប្រវត្តិ និងបំបាត់នូវភាពមន្ទិលសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិនៃការតស៊ូរបស់ប្រមុខ ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ព្រមទាំងជាការពញ្ញាក់ស្មារតីដល់នាយទាហាន ពលទាហានទាំងអស់ ក្នុងវិស័យការពារជាតិអោយពួកគាត់មានស្មារតីការពារតស៊ូលះបង់ដើម្បីជាតិ និងចេះស្រលាញ់ថែរក្សាសមិទ្ធិផល ដែលប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន បានកសាងមកបានដោយលំបាកនេះ កុំឲ្យបាត់បង់ ហើយសៀវភៅនេះ ក៏គ្រោងនឹងចែកជូនដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ទូទាំងប្រទេស ដើម្បីបានសិក្សាស្វែងយល់ផងដែរ។

សៀវភៅ ហ៊ុន សែន កម្ពុជា មានខ្លឹមសារផ្តោតសំខាន់លើការបង្រួបបង្រួមជាតិ ក្រោយពីកម្ពុជាមានការបែកបាក់ និងការផ្សះផ្សារជាតិឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រីឯសៀវភៅកុលាបក្រហមដងទន្លេមេគង្គ មានខ្លឹមសារផ្តោតសំខាន់លើវីរភាពនៃការដឹកនាំក្នុងនាមជាស្រ្តីមួយរូប ដែលខិតខំប្រឹងប្រែងចំណាយពេលវេលា បម្រើឲ្យវិស័យមនុស្សធម៌ក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា សៀវភៅទាំងពីរប្រភេទនេះ ត្រូវបានបោះពុម្ពផ្សាយរាប់ម៉ឺនក្បាលមកហើយ ក្រោមការចូលរួមឧបត្ថម្ភថវិកា ក្នុងការបោះពុម្ពពីសប្បុរសជន និងរាជរដ្ឋាភិបាលកម្ពុជា ហើយគ្រោងនឹងបន្តការបោះពុម្ពផ្សាយបន្ថែមទៀតផងដែរ ដើម្បីផ្សព្វផ្សាយឲ្យដល់សាធារណជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ឯក វ៉ា មុនី បានថ្លែងអំណរគុណដល់វាគ្មិនទាំងពីររូប ដែលបានមកចូលរួមធ្វើបទបង្ហាញលើប្រធានបទដ៏មានសារសំខាន់ សម្រាប់និស្សិតវគ្គសិក្សាវិទ្យាសាស្រ្តយោធា ដែលពួកគេនឹងអាចយកមកសិក្សាស្រាវជ្រាវតាក់តែងជានិក្ខេបបទបញ្ចប់ការសិក្សានាចុងឆ្នាំនេះ ព្រមទាំងបានចំណាយទាំងថវិកាធនធានផ្ទាល់ខ្លួន និងនាំយកសៀវភៅទាំងពីរប្រភេទនេះ មកចែកជូនដល់និស្សិតសាកលវិទ្យាល័យការពារជាតិ សិក្សាស្វែងយល់។

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលលោក ទុំប៉ែន វីរៈវិទូ និងលោក តាំង កក់ បាននាំយកសៀវភៅហ៊ុនសែនកម្ពុជា និងសៀវភៅកុលាបក្រហមដងទន្លេមេគង្គ មកចែកជូនដល់និស្សិតសាកលវិទ្យាល័យការពារជាតិ ដោយលើកទី១ ផ្តល់ជូនសៀវភៅ ៣០០ក្បាល និងលើកទី២នេះ បានផ្តល់សៀវភៅ ២០០ក្បាលបន្ថែមទៀត ដល់និសិ្សត ៨៥រូបផងដែរ៕