(កំពង់ឆ្នាំង)៖ មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានធ្វើពិធីប្រគល់ផ្ទះថ្មី១ខ្នង ទំហំ៤x៦ម៉ែត្រ ធ្វើអំពីថ្មប្រកស័ង្កសី ជូនដល់លោក ជា សាវុធ ភេទប្រុស អាយុ៣២ឆ្នាំ ពិការស្លាប់អវយវៈមួយកំណាត់ខ្លួនចុះក្រោម។

លោក ជា សាវុធ មានប្រពន្ធ និងមានកូនចំនួន០៣នាក់ បច្ចុប្បន្នរស់នៅជាមួយឳពុកចាស់ជរា មានទីលំនៅ ក្នុងភូមិចន្លោះរ៉េន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីប្រគល់ផ្ទះថ្មី១ខ្នងនេះ មានការចូលរួមពី លោក យី វាសនា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ និងជាទីប្រឹក្សារាជរដ្ឋាភិបាល និងលោក ជួរ រតនៈ នាយកមូលនិធិជនពិការ ថ្នាក់ដឹកនាំមូលនិធិជនពិការថ្នាក់កណ្តាល តំណាងអភិបាលខេត្តកំពង់ឆ្នាំង តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តំណាងអភិបាលស្រុករលាប្អៀរ តំណាងក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្វាយជ្រុំ ក្រុមប្រឹក្សាឃុំស្វាយជ្រុំ និងប្រជាពលរដ្ឋចំនួន២០នាក់។

ការផ្ដល់ជូនផ្ទះថ្មីមួយខ្នងជូនជនពិការខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមានការពិនិត្យ និងវាយតម្លៃរបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្ទះជូនជនពិការក្រីក្រ នៅតាមសហគមន៍របស់មូលនិធិជនពិការ ដែលក្នុងនោះលោក ហ៊ុត ពន្លឺ ប្រធានគណៈកម្មការបានចុះត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់ ដោយមានការស្នើសុំពីសាខាមូលនិធិជនពិការខេត្ត និងមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន គឺពិតជាជនពិការក្រីក្រមានផ្ទះខ្ទមចាស់ទ្រុតទ្រោម និងពុំមានមុខរបរ ដោយរស់នៅពឹងផ្អែកទៅលើចំណូលតិចតួចរបស់ប្រពន្ធ។

លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានបញ្ជាក់ថាផ្ទះមួយខ្នងនេះចំណាយអស់ថវិកា ១៦,០០៨,០០០រៀល ដែលជាថវិកាបានមកពីអំណោយសប្បុរសធម៌ដែលសប្បុរសជនបានបរិច្ចាគចូលហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដែលហិបនេះបានដាក់នៅតាមវត្ដអារាម កន្លែងទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ។

តាមរយៈថវិកាដែលប្រមូលបានពីហិបនេះ សាខាម.ជ.ព.ខេត្តកំពង់ឆ្នាំងបានរៀបចំជាកញ្ចប់អំណោយសប្បុរសធម៌ផ្តល់ជូនដល់ជនពិការក្រីក្រនៅក្នុងខេត្តកំពង់ឆ្នាំងបានចំនួន ៦៤នាក់រួចមកហើយ។

លោកបន្តថា កន្លងមកមូលនិធិជនពិការបានប្រគល់ផ្ទះជូនទៅជនពិការក្រីក្រនៅខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តសៀមរាប និងស្វាយរៀង ហើយនៅក្នុងខេត្តកំពង់ឆ្នាំងនេះជាផ្ទះទី៥ហើយ ដែលមូលនិធិជនពិការបានផ្តល់ជូន និងត្រៀមបន្តផ្តល់ជូននៅខេត្តផ្សេងៗទៀត ដែលខេត្តខ្លះបាននឹងកំពុងសាងសង់ និងខេត្តខ្លះទៀតបានសាងសង់រួចជាស្ថាពរ។

ថ្លែងក្នុងឱកាសនោះ លោក យី វាសនា បានលើកឡើងថា កម្មវិធីផ្ដល់ផ្ទះជូនជនពិការក្រីក្រនេះ ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការបានប្រជុំជាច្រើនលើកច្រើនសារ លើការកំណត់លក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រដែលត្រូវបានសាងសង់ផ្ទះជូន សម្រាប់ដាក់ឱ្យមូលនិធិជនពិការអនុវត្ត។

តាមរយៈការកំណត់លក្ខណៈសម្បត្តិនេះ គណៈកម្មត្រួតពិនិត្យ និងវាយតម្លៃការសាងសង់ផ្ទះជូនជនពិការក្រីក្រនៅតាមសហគមន៍របស់មូលនិធិជនពិការ បានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ចុះពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់ជនពិការក្រីក្រ។ ឯកឧត្ដមបានលើកឡើងថា កត្តាសុខសន្តិភាពបានជម្រុញឱ្យកម្ពុជាមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺរាជរដ្ឋាភិបាលតាមរយៈមូលនិធិជនពិការ បានបង្កើតកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូរបស់ជនពិការ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការ ក៏បាននាំយកអំណោយសប្បុរសធម៌ សម្រាប់ផ្តល់ជូនដល់គ្រួសារលោក ជា សាវុធ ដែលជាជនពិការទទួលបានផ្ទះថ្មីពីមូលនិធិជនពិការផងដែរ ដែលអំណោយទាំងអស់រួមមាន ថវិកា ១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ មី១កេស និងសម្លៀកបំពាក់១កញ្ចប់។ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ ក៏បានផ្តាំផ្ញើរដល់លោក ជា សាវុធ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព និងទៅទទួលសេវាដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង ដើម្បីបង្កើនលទ្ធភាពរបស់គាត់ក្នុងការចូលរួមសកម្មភាពនានានៅក្នុងសង្គម។ ជាមួយគ្នានោះ លោក យី វាសនា ក៏បានផ្តល់ជូននូវថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលបានចូលរួមពិធីនេះចំនួន២០នាក់។

គូសបញ្ជាក់ថា ដើម្បីបន្តអនុវត្តកិច្ចការពារ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងកម្មវិធីនេះក៏បានរៀបចំជាម៉ាស ទឹកអាកុល ម៉ាស៊ីនស្ទង់កំដៅសម្រាប់ប្រើប្រាស់ និងរក្សានូវគម្លាតសុវត្ថិភាពផងដែរ៕