(ភ្នំពេញ)៖ លោកស្រី ហង្ស បូរី បានសម្រេចដាក់ពាក្យប្តឹងតារាចម្រៀងល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ចំនួន១ បទល្មើសគឺបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងទាមទារសំណងជំងឺចិត្ត ជាទឹកប្រាក់ចំនួន ៥០រៀល។

យោងតាមពាក្យបណ្ដឹង ដែល Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ហង្ស បូរី បានអះអាងក្នុងពាក្យបណ្តឹងរបស់ខ្លួនថា «លោកស្រី ម៉េង កែវពេជ្ជតា មានចេតនា និយាយបំផ្លើសនូវការពិត និងប្រឌិតជារឿង ដើម្បីទម្លាក់កំហុសមកលើរូបនាងខ្ញុំ ដោយអសុទ្ធចិត្ត។ ជាក់ស្តែងលោកស្រីបរិហាថា នាងខ្ញុំជើងកាង កាងវិវាទនាងខ្ញុំជាអ្នកបំផ្លាញអ្នកដទៃ។ល។ ការនិយាយវាយប្រហារ និងសកម្មភាពរបស់ឈ្មោះ ម៉េង កែវពេជ្ជតា នេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់រូបនាងខ្ញុំយ៉ាងធ្ងន់ធ្ងរ»

ជាការកត់សម្គាល់មួយរយៈចុងក្រោយនេះ មានពាក្យបណ្តឹងជាបន្តបន្ទាប់ បានប្តឹងទៅតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា។ ខណៈបណ្ដឹងភាគច្រើន គឺប្តឹងពីករណីស្រដៀងៗគ្នា គឺ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យមានការរើសអើង»។ រហូតមកដល់ពេលនេះ មានពាក្យបណ្ដឹងចំនួន៣ ហើយដែលបានទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

យ៉ាងណាមិញចំពោះពាក្យបណ្តឹងរបស់លោកស្រី ហ៊ុន ស៊ីណាត ដែលត្រូវបានបញ្ចេញកាលពីម្សិលមិញ ត្រូវបានអ្នកស្រី ម៉េង កែវពេជ្ជតា លើកឡើងតាមរយៈបណ្តាញសង្គមថា «មិនអីទេខ្ញុំនឹងទៅបំភ្លឺ ខ្ញុំមិនខ្លាចទេ ព្រោះការពិតនៅនឹងខ្ញុំ ប៉ុន្តែខ្ញុំសូមប្រកាសថា ពេជ្ជតានឹងការពារកិត្តិយសខ្លួនឲ្យបានទោះទៅដល់ណា ហើយគ្មានហេតុផលអ្វីដែល ពេជ្ជតា ត្រូវទទួលទោសដ៏អយុត្តិធម៌បែបនេះជាដាច់ខាត!»។

ចំពោះបណ្តឹងរបស់លោកស្រី ហង្ស បូរី នៅពេលនេះ តារាចម្រៀង ម៉េង កែវពេជ្ជតា មិនទាន់មានប្រតិកម្មយ៉ាងណាឡើយ ខណៈ Fresh News មិនអាចទាក់ទងបានឡើយ៕