(ត្បូងឃ្មុំ)៖ បន្ទាប់ពីជួបដោយចៃដន្យឃើញលោកយាយអង្គុយយ៉ាងកំសត់ លក់នំប៉័ង និងនំប៉ោងក្នុងផ្សារខ្នារ ក្នុងស្រុកត្បូងឃ្មុំ ក៏បានសាកសួរដឹងភ្លាមៗលោកស្រី ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តត្បូងឃ្មុំ បានចាត់ឲ្យក្រុមការងារចុះទៅដល់ផ្ទះលោកយាយដោយឃើញ សភាពផ្ទះចាស់ទ្រុឌទ្រោម ក៏បានជួយជួសជុលឡើងវិញនិងបានសាងសង់បន្តខាងមុខផ្ទះរៀបចំកន្លែងកាត់សក់ឲ្យចៅប្រុសទី០២ មានចំណូលដើម្បីជួយសម្រួលជីវភាព គ្រួសារប្រចាំថ្ងៃ និងសម្រាប់បន្តអនាគតរបស់ខ្លួន។

បន្ទាប់ពីជាងជួសជុលផ្ទះ និងសាងសង់តូបកាត់សក់រួចរាល់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណបានដឹកនាំសមាជិក ចុះសួរ សុខទុក្ខ និងនាំយកថវិកាបន្ថែមមួយចំនួនបង្គ្រប់ក្នុងការសាងសង់ និងជួសជុលក៏ដូចជាឧបត្ថម្ភថវិកាបន្ថែមមួយចំនួនទៀតផងដែរដើម្បីសម្រួលជីវភាពប្រចាំថ្ងៃ។

លោកស្រី ម៉េងវ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានសម្ដែងនូវក្តីអាណិតអាសូរ និងពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍកម្ពុជា ជូនចំពោះលោកយាយនិងចៅៗ គួរឱ្យអាណិតទាំងអស់។

បន្ថែមលើសពីនោះលោកស្រី ក៏បានទំនុកបម្រុងឲ្យចៅប្រុសទី០៣ទៅរៀនធ្វើជាងម៉ាស៊ីនត្រជាក់ ដើម្បីអនាគតខ្លួននិងសម្រួលជីវភាពលោកយាយព្រមទាំងបន្ត ធ្វើបង្គន់អនាម័យមួយបន្ថែមទៀតជូនលោកយាយ និងចៅៗផងដែរ។

លោកយាយ ឈាវ គឹមសៀង និងចៅទាំង០៤នាក់ បានសម្ដែងនូវក្តីរំភើបរីករាយនិងថ្លែងអំណរគុណក្រោមដំណក់ទឹកភ្នែកជូនចំពោះលោកស្រី ម៉េង វ៉ាន់ដានីន និងសមាជិក សមាគមនារីខេត្តត្បូងឃ្មុំទាំងអស់ដែលបានជួយស្រោចស្រង់លោកយាយ និងចៅឱ្យមានទីជម្រកសមរម្យ ជួយឱ្យចៅៗឱ្យមានមុខរបរចិញ្ចឹមជីវិត និងបានជួយសម្រួលជីវភាពគ្រួសារឲ្យមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញ។

សូមជម្រាបថា លោកយាយ ឈាវ គឹមសៀង អាយុ៧៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជីវភាពក្រលំបាកមានមុខរបបដើរលក់នំប៉័ង និងនំប៉ោង នៅក្នុងផ្សារខ្នារ ស្រុកត្បូងឃ្មុំ ដោយងើបលក់តាំងពីព្រលឹម ចំនេញបានត្រឹម ៤,០០០រៀលក្នុងមួយថ្ងៃ ដើម្បីចិញ្ចឹមចៅក្នុងបន្ទុក០៤នាក់ ក្នុងនោះប្រុស៣ ស្រី០១ កំព្រាតាំងពីតូចក្រូចឆ្មារ រហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ៕