(ភ្នំពេញ)៖ កម្ពុជាបានប្រកាសលើកលែងការតម្រូវឱ្យមានការធានារ៉ាប់រងសុខភាព (Health Insurance) និងការតម្កល់ប្រាក់ចំនួន ៣០០០ដុល្លារ សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa, K)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាស អំពីវិធានការកែតម្រូវសម្រាប់សម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលមានទិដ្ឋាការប្រភេទ A និង B បានបញ្ជាក់ថា កម្ពុជាលើកលែងការតម្រូវឱ្យមានការធានារ៉ាប់រងសុខភាព (Health Insurance) និងការតម្កល់ប្រាក់ចំនួន ៣០០០ដុល្លារ សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa, K)។ ការចូលមកកម្ពុជា របស់ អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេស តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate for Cod-19 Free) ចេញដោយអាជ្ញាធរសុខាភិបាលទទួលស្គាល់ដោយប្រទេសសាមី ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ១៩ និងមានសុពលភាព៧២ម៉ោង ចាប់ពីពេលចេញដំណើរពីប្រទេសតាំងនៅ។

បន្ថែមពីនេះ ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិ នៅភ្នំពេញទាំងអស់ដែលមានអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ-១៩ របស់អ្នកការទូត និងមន្ត្រី អង្គការអន្តរជាតិទាំងនោះ និងការធានាធ្វើបានត្រឹមត្រូវនូវការដាក់ចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ដោយខ្លួនឯង។

គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លង វីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩៕