(ស្វាយរៀង)៖ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះចែកអំណោយដល់ ប្រជាពលរដ្ឋទីទល់ក្រជួបការ ខ្វះខាតចំនួន ៣០គ្រួសារ មកពីឃុំពងទឹក១៥គ្រួសារ និងឃុំបុសមន ១៥គ្រួសារ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង។

ពិធីនេះចែកអំណោយនេះធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំបុសមន ដោយមានការចូលរួមពីលោកអភិបាលស្រុករំដួល អាជ្ញាធរដែនដី កងកម្លាំងនៅក្នុងមូលដ្ឋានឃុំ ជាច្រើននាក់ផងដែរ។

លោក សុក រ៉ាដូ បានផ្តាំផ្ញើសាកសួរសុខទុក និងក្តីនឹករលឹកពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលលោកតែងតែក្រើនរំលឹក ដល់អាជ្ញាធរដែនដី និងក្រុមការងារទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតនៅក្នុងមូលដ្ឋាន។

លោក សុក រ៉ាដូ ក៏បានថ្លែងអំណរគុណដល់សមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសប្បុរសជនដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការនាំមកនូវថវិកា សម្ភារផ្សេងៗមកចែកជូនដល់ពលរដ្ឋ ក្រក្រី ចំនួន៣០គ្រួសារ ទាំងអស់នេះបានបង្ហាញនូវការសាមគ្គីគ្នា ក្នុងគ្រាប្រទេសជាតិមានការយាយីដោយជំងឺកូវីដ១៩ ហើយក៏ជា វប្បធម៌ចែករំលែកគ្នាទៅវិញទៅមក ខ្មែរស្រលាញ់ខ្មែរផងដែរ។

លោក សុក រ៉ាដូ បានបន្តទៀតថា អំណោយទាំងនេះទោះបីមិនអាចដោះស្រាយបានទាំងស្រុងតែក៏អាចជួយសម្រួលក្នុងជីវភាពប្រចាំបានមួយគ្រាដែរខណៈដែល ប្រទេសកម្ពុជាកំពុងមានការរាតត្បាតដោយសារជំងឺកូវីដ១៩ ធ្វើឲ្យពលរដ្ឋមិនសូវបានចាកចេញពីលំនៅដ្ឋានទៅរកការងារធ្វើ ដូច្នេះនាំឲ្យមានការខ្វះខាត។

លោកប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរចរណ៍ឲ្យខ្ជាប់ខ្ជួន ចៀសឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងប្រុង ប្រយត្ន័ឲ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ និងត្រូវត្រៀមឧបករណ៍ធ្វើស្រែឲ្យបានគ្រប់គ្រាន់ ដើម្បីបង្ករបង្កើនស្រូវរដូវវស្សាឲ្យទាន់ពេលវេលា និងត្រូវដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វបន្ថែមដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ។

អំណោយដែលានាំទៅចែកជូនដល់ពលរដ្ឋទាំង៣០គ្រួសារ ដោយក្នុង១គ្រួសារទទួលបានថវិកា៥ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារប្រើប្រាស់ មួយចំនួនផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីចែកអំណោយដល់ពលរដ្ឋរួចមកលោក សុក រ៉ាដូ បានដឹកនាំសមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង ចុះទៅពិនិត្យមើលការចរាចរទំនិញ នៅច្រកទ្វារភាគីបុសមន ស្រុករំដួល ដើម្បីចង់ដឹងពីសក្កានុពលសេដ្ឋកិច្ចនៅតំបន់មួយនេះផងដែរ៕