(ភ្នំពេញ)៖ រថយន្តយោធាទំនើបៗធុនធំទាំង២៩០គ្រឿង ត្រូវបានបញ្ជាទិញពីប្រទេសចិន តាំងពីមុនពេលផ្ទុះជំងឺកូវីដ១៩ម្លេះ។ នេះបើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ការអះអាងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគមួយចំនួនយល់ច្រឡំថា កម្ពុជាបានប្រើប្រាស់ថវិកាដើម្បីទិញរថយន្តយោធា ខណៈពេលដែលប្រទេស កំពុងត្រូវបានវាយប្រហារដោយជំងឺកូវីដ១៩។ ដោយការយល់ច្រឡំនោះ ក្រុមអ្នកវិភាគថែមទាំងបានលើកឡើងទៀតថា ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាតនោះ កម្ពុជាមិនគួរចំណាយថវិកា ទៅទិញរថយន្តយោធាទាំងនេះសោះឡើយ ហើយនេះគឺជាការប្រើប្រាស់ថវិកាខុសគោលដៅ។
ថ្លែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតី ចែកជូនរថយន្តយោធាទាំងនេះ ដល់បណ្តាស្ថាប័ន អង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ, បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំគិតថាកងទ័ព កងនគរបាលជាតិ កងរាជអាវុធហត្ថ គ្មានខួរក្បាលពិចារណា ដឹងពីកាលៈទេសៈ ពេលណាចាំបាច់ ពេលណាមិនចាំបាច់ចំណាយថវិកាលើអ្វី។ ខ្ញុំសូមបញ្ជាក់ យើងបានធ្វើការជាមួយសប្បុរជន បញ្ជាទិញ [រថយន្តយោធា] តាំងពីមុនពាក់កណ្តាលឆ្នាំ២០១៩ តាំងពីមុនកូវីដផ្ទុះ។ គេកក់លុយហើយ ទើបក្រុមហ៊ុនចាប់ផ្តើមធ្វើឡាន តាំងពីមុនពាក់កណ្តាលឆ្នាំ២០១៩»។
លោកបន្តថា «ឡានតាមពិតត្រូវយកមកប្រគល់នៅដើមឆ្នាំ២០២០ ខ្ទង់ខែ២ ខែ៣នេះ តែវាចំពេលកូវីដផ្ទុះនៅចិន រោងចក្រគេពន្យារក្នុងការដឹកជញ្ជូន។ អញ្ចឹងដូចគ្នា ការផលិតរថយន្ត ២៩០គ្រឿង មិនមែនផលិត១ថ្ងៃទេ ហើយគេក៏មិនផលិត បើបង់លុយឲ្យគេមិនគ្រប់។ បើសិនជាតម្រូវការរថយន្តយោធាចំពេលកូវីដផ្ទុះ យើងក៏មិនបញ្ជាទិញដែរ។ តម្រូវការកម្ចាត់កូវីដ វាធ្ងន់ជាងរថយន្ត ប៉ុន្តែរថយន្តនេះបានបញ្ជាទិញតាំងពីមុនកូវីដផ្ទុះ។ យើងបានកក់លុយគេហើយ គឺត្រូវតែយកដូចយើងកក់លុយកាត់ខោអាវដែរ។ បើយើងមិនយករថយន្តមកពេលនេះ តើចាំដល់ពេលណា»។
បើតាមលោកឧត្តមសេនីយ៍ឯក, ការទិញរថយន្តយោធាពីចិនទាំងនេះ នឹងជួយដល់ការងារបម្រើប្រទេសជាតិ និងប្រើប្រជាពលរដ្ឋ បានកាន់តែល្អប្រសើរថែមទៀត។ បន្ថែមលើនេះ លោកបានណែនាំដល់អ្នកវិភាគទាំងឡាយ ឲ្យមានគំនិតជាតិនិយម និងយកការពិតមកនិយាយផងដែរ។
លោកថ្លែងទៀតថា អំឡុងពេលកូវីដនេះ កងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច មិនបានបំផ្លាញថវិកាជាតិឡើយ ផ្ទុយទៅវិញបែរជាបានបរិច្ចាគថវិកា ពេលមាតុភូមិត្រូវការពេលចាំបាច់ទៀតផង។ ជាក់ស្តែង កងកម្លាំងយោធា និងកងកម្លាំងសមត្ថកិច្ច ថែមទាំងបានធ្វើការឥតឈប់ឈរ ដោយមិនគិតពេលវេលាមានការរាតត្បាតដោយជំងឺឆ្លង តាមរយៈការជួយសម្រួលដល់ការដឹកប្រជាពលរដ្ឋ និងការត្រួតពិនិត្យអ្នកដំណើរឆ្លងដែនជាដើម៕