(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន របស់សមាគមមូលនិធិទ្រទ្រង់កម្ពុជា រយៈពេល៣០ថ្ងៃសិន ដោយសារសមាគមមួយនេះ បាននិងកំពុងធ្វើសកម្មភាពផ្ទុយនឹងច្បាប់។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់លោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ៖ «ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគមបាន និងកំពុងធ្វើសកម្មភាព ស្វែងរកផលប្រយោជន៍ តាមរយៈការអូសទាញប្រជាពលរដ្ឋឱ្យចូលជាសមាជិក និងកំណត់ឱ្យបង់ថវិកាចូលសមាគមដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន»

អនុលោមតាមបទប្បញ្ញត្តិមាត្រា៣០ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឱ្យសមាគមផ្តល់នូវរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ នៃឆ្នាំ២០២០ និងរាល់ព័ត៌មានគណនី ប្រាក់មូលនិធិ ដែលប្រមូលពីសមាជិក ការបែងចែកថវិកាអត្ថប្រយោជន៍របស់សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិ តម្កល់ និងថ្នាក់ជាតិ) ព្រមទាំងផ្តល់នូវបញ្ជីឈ្មោះសមាជិកសមាគមនៅតាមរាជធានី-ខេត្តផងដែរ៕