(ភ្នំពេញ)៖ មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងចាត់វិធានការលើអ្នកបើករថយន្ដ TUNDRA ផ្លាកលេខ «2AZ-0054» ដែលបានបង្កការរំខាន រហូតគំរាមបាញ់ប្រជាពលរដ្ឋដែលរស់នៅនៅក្នុងបុរី «ពិភពថ្មី» ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការចុះស្រាវជ្រាវ និងចាត់វិធានការលើអ្នកបើករថយន្ដ TUNDRA ផ្លាកលេខ «2AZ-0054» ខាងលើនេះ ក្រោយពីមានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់ក្នុងបុរី «ពិភពថ្មី» ខណ្ឌកំបូល បានរាយការណ៍មកសារព័ត៌មានថា អ្នកបើករថយន្តរូបនេះទំនងជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ ​បានបើករថយន្តចូលទៅក្នុងបុរី ដោយល្បឿនលឿនមិនខ្លាចរអែង និងខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនោះប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លំាងចំពោះសុវត្ថិភាពកូនៗរបស់ខ្លួន។

ជាមួយគ្នាប្រជាពលរដ្ឋទាំងនោះ ក៏បណ្ដឹងចំនួន៣បទល្មើសផងដែរ រួមមាន ១៖ ប៉ុនប៉ងមនុស្សឃាតដោយចេទនា, ២៖ បង្កការអុកឡុកក្នុងមូលដ្ឋាន (បុរីពិភពថ្មី) និងបទគំរាមគំហែង អាយុជីវិតប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន «បុរីពិភពថ្មី»

បើតាមប្រជាពលរដ្ឋបានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះថា អ្នកបើករថយន្ដនេះបានចូលមកផឹកស៊ីនៅផ្ទះលេខ២៩ ផ្លូវលេខ១៧ ក្នុងបុរីកាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២១៖៤០នាទី ហើយបានបើកបរក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវក្នុងបុរី ដែលមានប្រជាពលរដ្ឋ និងក្មេងៗជាច្រើន កំពុងលើផ្លូវនេះ។

ប្រជាពលរដ្ឋ បានបន្ដទៀតថា អ្នកបើករថយន្ដនេះ បានបើកបរ បួង ទួងកង់ តំឡើងភ្លើងឡេស៊ែរ ក្នុងបុរី ដែលក្មេងតូចៗកំពុងរត់លែង និងជិះស្គីនៅនិងចិញ្ចើមផ្លូវមុខផ្ទះ។ ពេលឃើញ ស្ថានភាពបែបនេះ ប្រជាពលរដ្ឋខ្លះ ក៏បានណែនាំ និងប្រាប់ថាកុំបើកលឿនប្រយ័ត្នបុកក្មេងៗ ស្រាប់តែអ្នកបើករថយ​ន្តដែលអាយុក្រោម៤០ឆ្នាំរូបនេះ ក៏ចុះពីរថយន្តមករករឿងពួកគាត់ ថែមទាំងបានចង្អុលមុខ កត់លេខផ្ទះ និងពាក្យសំដីចុងក្រោយបាញ់ចោលរួចរត់ចូលបន្ទាយ។

បើតាមប្រជាពលរដ្ឋ ជនបង្កគ្មានផ្ទះនៅតំបន់នោះទេ ប៉ុន្ដែនៅថ្ងៃកើតហេតុ បានទៅផឹកស៉ីនៅផ្ទះខាងលើ ដែលទំនងជាមិត្តភ័ក្រ ឬបងប្អូន លុះផឹកស៉ីស្រវឹង ស្រាប់តែបង្កភាពអនាធិបតេយ្យតែម្ដង។ ក្រោយមកប្រជាពលរដ្ឋ បានចេញទៅប្រាប់ និងសួរនាំ ស្រាប់តែក្រុមជនបង្កខឹងច្រឡោត បញ្ចេញចរិកក្អែងក្អាង។

ក្រោយខឹងសម្បាររឿងគេទៅសួរ និងប្រាប់កុំឲ្យបង្កការរំខាននោះ ជននេះបានតេហៅបក្ខពួកមកបន្ថែម ទំនងជាកូនចៅរបស់ខ្លួន ពាក់អាវយឺតពណ៌ត្រៃអ៉ី (ពណ៌ទាហាន) ដើម្បីគំរាមប្រជាពលរដ្ឋ ថែមទៀត។ ចំពោះទង្វើបែបនេះ ក្រុមប្រជាពលរដ្ឋបានទទូចសុំអន្តរាគមន៍ស្នងការនគរបាលរាជធានីភ្នំពេញ និងមេបញ្ជាការអាវុធហត្ថ ដើម្បីចាត់វិធានការតាមច្បាប់ កុំមានរថយន្តទំនើប និងមានបុណ្យស័ក្តិមកធ្វើការគំរាមគំហែងប្រជាពលរដ្ឋរបៀបនេះ៕