(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្ដិការ ចុះបង្ក្រាបមុខសញ្ញាលួច-ឆក់ ចំនួន៦នាក់ នៅហាងមីហិរ ស្ថិតក្នុងក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ នាវេលាម៉ោង១៩៖០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះថា កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ បង្ក្រាបមុខសញ្ញាលួច (ឆក់) ក្នុងភូមិសាស្រ្ដ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់ ម៉ូតូ៣គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព) មានដូចខាងក្រោម៖

* ទី១៖ ឈ្មោះ ទាវ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត
* ទី២៖ ឈ្មោះ សុខ ទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត
* ទី៣៖ ឈ្មោះ ពៅ រ៉ាហ្វ័រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ
* ទី៤៖ ឈ្មោះ ឈុន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ស្រុកពញាក្រែក ខេត្ដក្រចេះ
* ទី៥៖ ឈ្មោះ ជិន ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត ស្រុកពាមរ ខេត្ដព្រៃវែង
* ទី៦៖ ឈ្មោះ វណ្ណ បូរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្រុកកំណើត សង្កាត់អូរជ្រៅ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ។

ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតបានវត្ថុតាងម៉ូតូចំនួន៣គ្រឿង៖ ម៉ូតូម៉ាកហុងដា C-125 ពណ៌ស ស៊េរី២០១៦ ឡើងតែមឆ្នាំ២០២០, ម៉ូតូម៉ាកហុងដា C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ និងម៉ូតូម៉ាកហុងដា C-125 ពណ៌ក្រហមស៊េរីឆ្នាំ២០២០។

បើតាមលោកស្នងការ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ចន្លោះពីម៉ោង១៤៖០០នាទី ទៅម៉ោង១៥៖០០នាទី ពួកគេធ្វើសកម្មភាពឆក់នៅម្ដុំអូរសំអាត ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្ដព្រះសីហនុ ជនរងគ្រោះជាជនជាតិចិន។

តាមចម្លើយសារភាព របស់ជនសង្ស័យ បានឲ្យដឹងថា ពួកគេតែងតែធ្វើសកម្មភាពនៅពេលយប់ ទៅលើជនរងគ្រោះភាគច្រើន ជាជនជាតិចិន ដែលដើរតាមផ្លូវម្នាក់ឯង។ រាល់ពេលដែលពួកគេធ្វើសកម្មភាពលួច (ឆក់) តែងតែជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ និងម៉ូតូហុងដាសេ១២៥ ពណ៌ស ឡើងស៊េរីឆ្នាំ២០២០។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូ (មធ្យោបាយជិះប្រព្រឹត្ដបទល្មើស) ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី និងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូង ខេត្ដព្រះសីហនុ៕