(ភ្នំពេញ)៖ លោកស្រី ហុង ដានី អគ្គនាយិកាក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប និងក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែមិថុន ឆ្នាំ២០២០នេះ បាននាំមកនូវថវិកា ចំនួន២០០,០០០ដុល្លារ មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលក្នុងនោះ ថវិកាចំនួន ១០០,០០០ ដុល្លារ សម្រាប់ឆ្នាំ២០១៩ និង១០០,០០០ដុល្លារទៀត សម្រាប់ឆ្នាំ២០២០។ ពិធីនេះធ្វើឡើង នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងពិធីប្រគល់-ទទួលនេះ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកស្រីអគ្គនាយិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន ប៉េង ហ៊ួត គ្រុប ចំពោះទឹកចិត្តសប្បុរសធម៌ ក្នុងការបរិច្ចាគជាប្រចាំឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅរួមតែមួយគត់ គឺដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពរបស់ទារក និងកុមារ នៅកម្ពុជា៕