(ភ្នំពេញ)៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានចេញប្រកាស ស្ដីពីការដាក់ឲ្យអនុវត្ដផែនការអនុគ្រោះ និងលើកទឹកចិត្ដ ចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០។ នេះបើតាមប្រកាស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។

ប្រកាសរបស់ក្រសួង បានសម្រេចដាក់ឲ្យអនុវត្ត ផែនការអនុគ្រោះ និងលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ ដែលមានគោលដៅកែសម្រួល ការបង់ថ្លៃប្រើប្រាស់អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម បានប្រើពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីជួយសម្រួលទាំងការលំបាក ក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែលបាន ព្យួរ ឬបន្ថយសកម្មភាព ផលិតកម្ម ឬអាជីវកម្ម និងទាំងជួយលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនីរបស់ ទីតាំងដែលមានបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ក្នុងរយៈពេល អនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ ។

ផែនការ អនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង សេវាកម្ម ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារ ដូចខាងក្រោម៖

*ទី១៖ ផ្តល់ការអនុគ្រោះលើកលែង ការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃ តាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតឲ្យបង់ថ្លៃអគ្គិសនី ត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើ ប្រាស់ជាក់ស្តែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះ ដោយការព្យួរ ឬ បន្ថយសកម្មភាពផលិតកម្ម ឬ អាជីវកម្ម ទោះជាទីតាំងនោះប្រើ អគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬ ក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភព អគ្គិសនីពីអគ្គិសនីកម្ពុជាក៏ដោយ។

*ទី២៖ រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំង ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន ។

*ទី៣៖ ផ្តល់ការលើកទឹកចិត្ត ដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥% លើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យម ក្នុងរយៈពេល៣ខែ ដើមឆ្នាំ (ពីខែមករា ដល់ខែមីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលបរិយាកាសអំណោយផលអាច បង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។

ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងរ៉ែ ដែលមានខ្លឹមសារទាំងស្រុង៖