(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឫស្សី ចំនួន២ចំណុច ឲ្យត្រៀមខ្លួនដើម្បីចាប់យកឱកាសមាស ក្នុងយុគសម័យថ្មីនេះ។

សេចក្តីអំពាវនាវរបស់លោករដ្ឋមន្ត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែមិថុនានេះ បានឲ្យដឹងថា បច្ចុប្បន្ននេះះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាបាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាល ក៏កំពុងរៀបចំគោលនយោបាយពាក់ព័ន្ធមួយចំនួន ដើម្បីនាំកម្ពុជាចូលទៅក្នុងយុគសម័យថ្មីនៃរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល។

ដើម្បីត្រៀមខ្លួនឲ្យបានល្អឆ្លើយតបទៅនឹងការវិវឌ្ឍន៍ថ្មីនេះ ក្នុងនាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន លោក ជា វ៉ាន់ដេត បាមធ្វើការអំពាវនាវដល់យុវជន-យុវនារីទាំងអស់ ដែលជាទំពាំងស្នងឫស្សី និងមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេស ២ចំណុច រួមមាន៖

* ១៖ ចំពោះយុវជន-យុវនារី ដែលជាសិស្ស-និស្សិតកំពុងសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យ សូមខិតខំប្រឹងប្រែង រៀនសូត្រ បង្កើនចំណេះដឹង ជាពិសេស លើជំនាញដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មានជាអាទិ៍ ជំនាញទូរគមនាគមន៍ ជំនាញព័ត៌មានវិទ្យា ជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងជំនាញដទៃទៀតដែលមានការពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីអាចពង្រឹងសមត្ថ ភាពរបស់ខ្លួន ស្របតាមបរិបទនៃការវិវឌ្ឍ ន៍បច្ចេកវិទ្យា ក្នុងគោលដៅស្វែងរកការងារបានល្អនិងបានចំណូលខ្ពស់ សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ជាពិសេស ចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ។

* ២៖ ចំពោះយុវជន-យុវនារី ដែលបានបញ្ចប់ការសិក្សា ឬកំពុងបំពេញការងារទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន សូមបន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងជាមូលដ្ឋានផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងផ្នែកព័ត៌មានវិទ្យា ដើម្បីអាចយកទៅប្រើប្រាស់បានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

លោកសង្ឃឹមជឿជាក់យ៉ាងមុតមាំថា យុវជន-យុវនារីទាំងអស់នឹងចូលរួមអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង និងដើម្បីប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕