(ត្បូងឃ្មុំ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចាត់ទុកថា ការព្យាយាមបំបែកបំបាក់សាមគ្គីភាពរវាងកម្ពុជា-វៀតណាម គឺជាគោលដៅធំបំផុតរបស់ពួកអគតិ ប៉ុន្តែទោះជាមានការលំបាកយ៉ាងណាក៏កម្ពុជា-វៀតណាម នៅតែរួបរួមគ្នា ដោយមូលហេតុប្រវត្តិសាស្រ្ត មូលហេតុភូមិសាស្រ្តជាដើម។

ការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើង ក្នុងពិធីរំលឹកខួប៤៣ឆ្នាំ ថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តធ្វើដំណើរផ្សងគ្រោះថ្នាក់ចាកចេញពីកម្ពុជា ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនោះ សម្តេចពិជ័យសេនា បានលើកឡើងអំពីការស្នើសុំវៀតណាម ដើម្បីចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ការធ្វើផ្លូវ និងសិលាចារិក នៅក្នុងទឹកដីវៀតណាម ដើម្បីបង្ហាញអំពីវីរៈភាពសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់ទៀត ដែលបានប្រថុយជីវិត ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាឯកសារប្រវត្តិសាស្រ្តបង្ហាញអំពីការអោបស្អិត នៃសាមគ្គីភាពរបស់កម្ពុជា និងវៀតណាម។

«ខ្ញុំចាត់ទុកថា ការធ្វើឱ្យបានផ្លូវប្រវត្តិសាសន៍ ដ៏មានសារសំខាន់មួយនេះ មិនត្រឹមតែអប់រំកូនចៅកម្ពុជាតែមួយនោះទេ ទាំងកូនចៅជំនាន់ក្រោយវៀតណាម ក៏មើលឃើញអំពីកិច្ចសហប្រតិបត្តិការ ពឹងពាក់គ្នាទៅវិញទៅមក ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ហើយនេះចាត់ទុកថាជាកម្លាំងដ៏ធំខ្លាំងក្លាណាស់ ទប់ស្កាត់ជាមួយពួកមានមហិច្ចតាបំបែកបំបាក់សាមគ្គីភាពរបស់កម្ពុជា-វៀតណាម យ៉ាងមានប្រសិទ្ធភាពថែមទៀត»

សម្តេចបានបន្តថា ការបង្កើតតឹកតាងនេះ គឺបង្ហាញថា ក្នុងគ្រាមានការលំបាក ការពឹងពាក់គ្នាទៅវិញទៅមករវាងកម្ពុជា-វៀតណាម គឺមិនមានពេលណាដែលដាច់ដោចទេ គឺពឹងពាក់គ្នាបានគ្រប់ពេលវេលា ហើយមានសារសំខាន់កាន់តែខ្លាំងក្លាថែមទៀត ជាមួយនឹងការរួមគ្នាដើម្បីសិក្សាឱ្យបានច្បាស់លាស់ ទៅជាមួយគ្នាដែលពេលដែលលំបាកៗជាមួយគ្នា ហើយពេលដែលមានលទ្ធភាពសុខស្រួល ក៏នឹងទៅជាមួយគ្នាផងដែរ។

សម្តេចបញ្ជាក់បន្ថែមទៀតថា៖ «ការបំបែកបំបាក់រវាងកម្ពុជា-វៀតណាមនេះ ជាគោលដៅធំបំផុតរបស់ពពួកជនអគតិ ដូច្នេះយើងកសាងអ្វីដែលជាតឹកតាងច្បាស់លាស់ថា គ្មានទេ គ្មានជាដាច់ខាតគ្មានការបំបែកបំបាកបានទេ កូនចៅឬក៏ក្មួយៗរបស់យើងជំនួយក្រោយ ត្រូវតែដឹងថា ទោះជាមានការលំបាកយ៉ាងណាក៏កម្ពុជា-វៀតណាម នៅតែរួបរួមគ្នា ដោយមូលហេតុប្រវត្តិសាស្រ្ត មូលហេតុភូមិសាស្រ្ត គឺនៅអោបគ្នាជានិច្ច ដូច្នេះការជួយគ្នាទៅវិញទៅមក គឺមិនមានដាច់ខ្សែរយៈទេ»