(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានជាសះស្បើយ និងមិនមានករណីជំងឺកូវីដថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៧នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។
អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១២៩នាក់ (ស្ត្រី៣៩នាក់ និងបុរស ៩០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៨.៤៥% ធៀបនឹង ចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ គឺ ជាបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី៕