(ភ្នំពេញ)៖ ការគាំពារ និងការអប់រំអំពីសិទ្ធិមនុស្សត្រូវបាន គេទទួលស្គាល់ពីមួយសម័យកាលទៅមួយសម័យកាល និងរីកសាយភាយទៅបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។ យ៉ាងណាមិញការការពារសិទ្ធិមនុស្ស មិនមែនផុតរលត់នៅពេលដែលបុគ្គលនោះបាត់បង់ជីវិតឡើយ ច្បាប់ក៏បានការពារប្រឆាំងទៅនឹងអំពើយាយីលើបុគ្គលដែលបាន ទទួលមរណៈភាពផងដែរ ជាក់ស្ដែងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់អំពើទោសចំពោះ អំពើបំពារបំពានទាំងទ្បាយដែលធ្វើឱ្យប៉ះពាល់ដល់បូរណភាពនៃសាកសព និងទីបញ្ចុះសព។

បើទោះបីជាការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ពុំសូវមានការរំលោភបំពានទៅលើសាកសព និងទីបញ្ចុះសពក៏ដោយ ក៏ច្បាប់បានបង្ការទុកមុខ និងមិនបានទុកចន្លោះឱ្យជនខិលខូចឆ្លៀតឱកាស ក្នុងការប្រព្រឹត្តិអំពើអសីលធម៌ និងមិនគួរគប្បីណាមួយនោះឡើយ។

ដើម្បីយល់កាន់តែច្បាស់ថា តើអំពើណាខ្លះដែលត្រូវបានចាត់ទុកថាជាការធ្វើប៉ះពាល់ដល់បូរណភាពនៃសាកសព និងប្រមាថទីបញ្ចុះសព? ហើយជនដែលប្រព្រឹត្តអំពើបែបនោះ នឹងត្រូវប្រឈមមុខជាមួយនឹងការផ្ដន្ទាទោសដល់កម្រិតណា? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការបង្ហាញ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖

យោងតាមមាត្រា២៦១ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អំពើប៉ះពាល់ដល់បូរណភាពនៃសាក សព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ១(មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន)រៀល ទៅ ២,០០០,០០០ (ពីរលាន)រៀល។

ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាក្នុងអំទ្បុងឆ្នាំ២០១៤ ធ្លាប់មានករណីដែលជនសង្ស័យម្នាក់បានលួចគាស់មឈូសរបស់យុវតីអាយុ ១៧ឆ្នាំ ដែលទើបនឹងទទួលមរណភាព ដើម្បីរំលោភសាកសពរបស់យុវតីនោះ។ អំពើស្មោកគ្រោក និងអសីលធម៌បែបនេះ ក៏ត្រូវបានច្បាប់រាប់បញ្ចូលជាការប៉ះពាល់ដល់បូរណភាពនៃសាកសពផងដែរ។

ទន្ទឹមនឹងនេះ មាត្រា ២៦២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា អំពើប្រមាថតាមមធ្យោបាយណាមួយក៏ដោយ ទៅលើផ្នូរ ទីបញ្ចុះសព កោដ្ឋ ឬទៅលើសំណង់ដែលកសាងឡើង សម្រាប់រំលឹកវិញ្ញាណក្ខន្ធនៃអ្នកទទួលមរណភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ២,០០០,០០០ (ពីរលាន) រៀល ។

នាពេលកន្លងមក យើងសង្កេតឃើញអំពើដែលត្រូវបានចាត់ទុកថាជាការប្រមាថទីបញ្ចុះសពរួមមាន ការគាស់ទីបញ្ចុះសពដើម្បីលួចយកវត្ថុមានតម្លៃ ឬវត្ថុបុរាណដែលក្រុមគ្រួសារនៃសព បានកប់ទៅជាមួយសាកសព ជាដើម។ ក្រៅពីនេះ រួមមានសកម្មភាពមិនគប្បីមួយចំនួនទៀតដូចជា ការវាយកម្ទេចទីបញ្ចុះសពដោយគ្មានការអនុញ្ញាត ក្នុងគោលបំណងមិនសមរម្យណាមួយ ឬការប្រព្រឹត្តិអំពើអសីលធម៌ក្នុងរូបភាពប្រមាថដល់ទីបញ្ចុះសពផងដែរ។

សរុបមក បទប៉ះពាល់ដល់បូរណភាពនៃសាកសព និងប្រមាថទីបញ្ចុះសព ជាបទល្មើសបទមជ្ឈឹម ដែលត្រូវបានកំណត់ និងផ្តន្ទាទោសចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើអសីលធម៌ និងបំពារបំពានដល់សាកសព និងប្រមាថទីបញ្ចុះសព។ ដើម្បីគេចផុតពីការទទួលទោសព្រហ្មទណ្ឌទាំងនេះ វាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋគួរយល់ដឹងបន្ថែមថា តើអំពើណាខ្លះដែលត្រូវអនុវត្ត ហើយអំពើណាខ្លះទៀតដែលត្រូវចៀសវាង។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ http://www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕