(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសជាផ្លូវការនូវការអនុវត្តន៍កម្មវិធីប្រគល់សាច់ប្រាក់នេះនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

ទន្ទឹមនឹងការអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យមួយស្តីពីការឧបត្ថម្ភថវិកាជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ បានគូសបញ្ជាក់ថា គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

- មានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និង
- បានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។

ក្នុងអនុក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ពីចំនួនទឹកប្រាក់ដែលនឹងត្រូវទទួលបានផងដែរ។ ចំនួនទឹកប្រាក់ត្រូវផ្តល់ជូនក្នុងមួយខែចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀល។

កម្រិតសាច់ប្រាក់ដែលត្រូវឧបត្ថម្ភនេះ ធ្វើឡើងតាមប្រភេទជនក្រីក្រក្នុងកម្រិត១ ឬកម្រិត២ ហើយក៏បែងចែកទៅតាមអ្នកនៅក្នុងរាជធានី និងជនបទផងដែរ។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ ធ្លាប់បានប្រាប់អង្គភាពព័ត៌មាន Fresh News ជំហ៊ានដំបូងនៃការស្រាវជ្រាវនេះរកឃើញប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំង មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួនមនុស្សមានប្រមាណ ជិត២លាន ៣សែននាក់៕

ខាងក្រោមជាអនុក្រឹត្យស្តីពីការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៖