(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជូនដល់ជនងាយរងគ្រោះ ៧២គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក។ លោកស្រីបានលើកឡើងថា ជានិច្ចកាល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព។ កត្តាដែលសំខាន់នោះ គឺការរស់នៅ ដោយប្រកាន់យកការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ។

លោកស្រី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសចំពោះជំងឺកូវីដ១៩ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៧២គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, អាវយឺត២, សាប៊ូ២ដុំ, ក្រម៉ា១, ម៉ាស់១ និងថវិកា ៤០,០០០រៀល៕