(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ក្នុងចំណោមសិស្សសរុប៣លាននាក់ទូទាំងប្រទេស នៅសល់សិស្សប្រមាណ៣០ភាគរយ ដែលមិនទាន់បានទទួលសេវាអប់រំ។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកការដ្ឋាន ជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ» នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងសំនួរ ពាក់ព័ន្ធនឹងការរៀនរបស់សិស្ស ក្នុងសម័យកូវីដ-១៩ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅសល់សិស្សប្រមាណ៣០ភាគរយ ដែលមិនទាន់បានទទួលសេវាអប់រំ ប៉ុន្ដែយ៉ាងហោចណាស់ មានសិស្ស៧០ភាគរយ នៅបន្ដរៀនសូត្រតាមធម្មតា»

សម្រាប់ចំនួនសិស្សសរុបវិញ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានសិស្សទាំងអស់ ប្រមាណ៣លាននាក់ ហើយក្នុង៣លាននាក់នេះ សិស្សដែលមានលទ្ធភាពប្រើប្រាស់ Smart Phone និងកុំព្យួទ័រ មានប្រមាណជា៣០ភាគរយ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា ក្នុងចំណោមសិស្ស៣លាននាក់នេះ មានសិស្សប្រមាណជា១.៥លាននាក់ ដែលអាចទទួលបានសេវាអប់រំ ពីក្រសួងអប់រំ និង១.៥លាននាក់ទៀត ត្រូវពឹងលើសៀវភៅគោលសិក្សា។

ពាក់ព័ន្ធនឹងបញ្ហា សិស្សប្រមាណ៣០ភាគរយ ដែលមិនទាន់បានទទួលសេវាអប់រំនេះ រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានលើកឡើងថា ដោយសារតែពួកគាត់ រស់នៅឆ្ងាយពីសាលារៀន, នៅតំបន់ដែលដាច់ស្រយាល និងមានជីវភាពក្រីក្រ៕