(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ជាថ្ងៃខួបកំណើតលើកទី៦៩ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងចូលរួម អបអរសាទរ និងសំដែងនូវការដឹងគុណមិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេងរបស់ គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃបង្កើតគណបក្សរហូតមកទល់បច្ចុប្បន្ន បានដឹកនាំកម្លាំងស្នេហាជាតិ ប្រជាជនគ្រប់ជាន់ថ្នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនាជាដើម ដើម្បីរំដោះប្រជាជនកម្ពុជាឲ្យរួចផុត ពីនឹមអណានិគមជិះជាន់ ការឈ្លានពាន និងកសាងប្រទេសជាតិ ប្រកបដោយការអភិវឌ្ឍន៍។

ពិសេសរយៈពេល៤១ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ អនុវត្តគោលនយោបាយឈ្នះឈ្នះ និងឈានទៅដល់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និង ការអភិវឌ្ឍន៍ ដែលយើងនឹកស្មានមិនដល់ រហូតមកទល់បច្ចុប្បន្ននេះ ។

នៅថ្ងៃនេះផងដែរ មន្ទីរពេទ្យព្រះកេតុមាលា បានប្រារព្ធធ្វើពិធីជួបជុំគ្នាសូត្រមន្តអបអរសាទរ និងដាក់ឲ្យដំណើរការអគារ 286 ដែលជាអគារឯកទេសសម្ពព និងរោគស្ត្រី ដែលទើបបញ្ចប់ការសាងសង់ចាប់ពីថ្ងៃនេះតទៅ។

អគារនេះត្រូវបានសាងសង់ឡើង តាមបទដ្ឋានបច្ចេកទេសទំនើប មានកំពស់៩ជាន់ និងមានចំនួន៩០បន្ទប់ ពិសេសក្នុងនោះមានសាលវះកាត់ទំនើបចំនួន២, បន្ទប់សង្គ្រោះក្រោយវះកាត់, បន្ទប់សំរាលកូន, បន្ទប់អ្នកជំងឺជាដើម ប្រកបដោយផាសុខភាព។

ឆ្លៀតឱកាសដ៏សែនថ្លៃថ្លា និងឧត្ដុងឧត្ដមនេះ ថ្នាក់ដឹកនាំ និងបុគ្គលឹកទាំងអស់ នៃមន្ទីរពេទ្យព្រះកេតុមាលាទាំងមូល បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកន្លងមកបានដឹកនាំ ផ្ដល់នូវគោលនយោបាយអនុសាសន៍ដ៏ត្រឹមត្រូវ ជួយជ្រោមជ្រែង ពិសេសអនុគ្រោះសព្វបែបយ៉ាង នូវរាល់កំហុសឆ្គងទាំងឡាយ ដែលកើតឡើងក្នុងពេលអនុវត្តភារកិច្ចជាដើម ធ្វើឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យព្រះកេតុមាលាមានឆន្ទៈមុះមុត និងការប្ដេជ្ញាខ្ពង់ខ្ពស់ ក្នុងការអនុវត្តន៍គោលនយោបាយរបស់បក្ស និងការអភិវឌ្ឍន៍មន្ទីរពេទ្យគ្រប់ពេលវេលា ជាបន្តបន្ទាប់ឥតឈប់ឈរ៕