(ភ្នំពេញ)៖ ដោយមើលឃើញពីសមត្ថភាពរបស់ក្រុមអ្នកសង្គ្រោះឆ្លើយតបនឹងប្រតិបត្តិការសង្គ្រោះក្នុងហេតុការរលំអគារនាពេលកន្លងទៅនៅមានកម្រិតនៅឡើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះដោយបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមដល់ពួកគេ និងបំពាក់ឧបករណ៍បន្ថែមក្នុងតម្លៃជិត១លានដុល្លារអាមេរិក។

ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសង្គ្រោះជូនដល់ក្រុមការងារសង្គ្រោះរបស់កម្ពុជា និងប្រគល់ឧបករណ៍បច្ចេកទេសគាំទ្រដល់ការងារសង្គ្រោះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីបញ្ជាការដ្ឋានកងពលតូចទ័ពឆ័ត្រយោងពិសេសលេខ៩១១។

ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។

ក្នុងពិធីបើកការបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងផ្តល់ឧបករណ៍ សម្ភារៈបច្ចេកទេសគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងសង្គ្រោះនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីពាក់ព័ន្ធទាំងខាងគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងយោធពលខេមរភូមិន្ទ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងប្រគល់ឧបករណ៍ សម្ភារៈទាំងនោះថា ការបើកវគ្គបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេសទាំងនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ។

លោកទេសរដ្ឋមន្ត្រី បន្ថែមថា បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី មើលឃើញតម្រូវការខ្ពស់ចំពោះសមត្ថភាព និងជំនាញ ក៏ដូចជាឧបករណ៍ សម្ភារៈបច្ចេកទេស ដើម្បីបម្រើដល់ប្រតិបត្តិការសង្គ្រោះ សម្តេចក៏បានចាត់ចែងបញ្ជាឱ្យរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមការងារសង្គ្រោះឱ្យបានច្បាស់លាស់ និងហ្វឹកហ្វឺនបន្ថែមលើសមត្ថភាពរបស់ពួកគេ។

ក្រុមអ្នកសង្គ្រោះដែលទទួលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះមានចំនួនប្រមាណ ១០០នាក់ មកពីអង្គភាពចំនួន៦រួមមាន៖ កងពលតូចលេខ៧០ ចំនួន ១០នាក់, កងពលតូចឆ័ត្រយោងពិសេស ចំនួន ៥០នាក់, កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ១០នាក់, កងវិស្វកម្មអគ្គបញ្ជាការ ចំនួន ១០នាក់, កងពលតូចលេខ១ ចំនួន ១០នាក់ និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ១០នាក់។

ការបណ្តុះបណ្តាលមានចំនួនម៉ោង៣៧ម៉ោង និង៣០នាទី ក្នុងរយៈពេល៥ថ្ងៃ ដោយបណ្តុះបណ្តាលទៅលើមូលដ្ឋានគ្រឹះស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, យន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងតួនាទី និងការទទួលខុសត្រូវ, ជំនាញក្នុងការសម្របសម្រួលឆ្លើយតបគ្រោះមហន្តរាយ,
មូលដ្ឋានគ្រឹះនៃប្រព័ន្ធបញ្ជាឧប្បត្តិហេតុ, ការប៉ាន់ប្រមាណឧប្បត្តិហេតុ, ប្រព័ន្ធបញ្ជាឧប្បត្តិហេតុ និងធនធានសម្ភារៈ នៅក្នុងប្រព័ន្ធបញ្ជាប្រតិបត្តិការ និងការគ្រប់គ្រងធនធានក្នុងឧប្បត្តិហេតុ។

លោក ផៃ សុខកុមារ ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាគ្រូបង្គោលមួយរូបដែរនោះ បានលើកឡើងថា ក្រុមការងារសង្គ្រោះទាំងនេះធ្លាប់មានបទពិសោធន៍ខ្លះហើយក្នុងការឆ្លើយតបទៅនឹងប្រតិបត្តិការសង្គ្រោះ។ ប៉ុន្តែពួកគាត់នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវការកែលំអរ និងបំពេញបន្ថែមពេលប្រតិបត្តិការសង្គ្រោះ។

លោកបានលើកឡើងថា ក្នុងប្រតិបត្តិការនាពេលកន្លងទៅនេះនៅមានចំណុចខ្វះខាតដូចជាការយល់ដឹងទៅលើគោលគំនិតស្តីពីការគ្រប់ហានិភ័យផ្សេងៗ ការរៀបចំទីបញ្ជាការប្រតិបត្តិការសង្គ្រោះជាដើម។ លោក សុខកុមារ បន្តថា វគ្គបណ្តុះបណ្តាលនឹងសង្កត់ធ្ងន់ទៅលើគោលនយោបាយគ្រប់គ្រងគ្រោះមហន្តរាយផង ក៏ដូចជារៀនអំពីប្រព័ន្ធបញ្ជាឧប្បត្តិហេតុផងដែរ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានស្នើដល់បុគ្គលិកកងប្រតិបត្តិការរុករកសង្គ្រោះចងចាំថា ការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យបុគ្គលិកមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ។ លោកទេសរដ្ឋមន្ត្រី បង្ហាញក្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលនឹងផ្តល់នូវចំណេះដឹងថ្មី របៀបប្រើប្រាស់ និងបទពិសោធន៍ ហើយបុគ្គលិក រុករកសង្គ្រោះទាំងអស់ និងខិតខំរៀនសូត្របំពេញភារកិច្ចដុះខាត់ច្នៃប្រឌិត បច្ចេកទេស ឱ្យបានល្អប្រសើរថែមទៀត ក្នុងស្មារតីទទួលខុសត្រូវថែរក្សាការពារ ឧបករណ៍ សម្ភារៈប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា «ការប្រយុទ្ធនៅលើសមរភូមិជារឿងមួយយើងកាន់កៃកាំភ្លើង តែនេះជាការសង្គ្រោះលើសមរភូមិប្រជាជនវាលំបាកទៅលើសមរភូមិប្រយុទ្ធបង្ហូឈាមទៅទៀត។ នេះជាការប្រយុទ្ធដើម្បីសង្គ្រោះប្រជាជនមានសារសំខាន់ណាស់ ល្គឹកណាក៏ដោយម៉ោងណាក៏ដោយឱ្យតែមានប្រជាជននៅរស់ពួកយើងត្រូវតែប្រយុទ្ធ»

ដូច្នេះការហ្វឹកហាត់នាពេលនេះនឹងជួយពង្រឹងសមត្ថភាពក្រុមអ្នកសង្គ្រោះក្នុងប្រតិបត្តិការរបស់ពួកគេ។ លោកទេសរដ្ឋមន្ត្រី បង្ហាញក្តីសង្ឃឹមបែបនេះ «ខ្ញុំមានសង្ឃឹមច្រើនជាង ដោយសារថា បទពិសោធន៍មានចំណុចខ្លាំង និងចំណុចខ្សោយ។ ចំណុចខ្លាំងមានកម្លាំងសរុបជាងម៉ឺននាក់ កម្លាំងប្រយុទ្ធមានតែមួយកង ឥឡូវយើងមានឧបករណ៍៧កង ៦កង ដូច្នេះយើងសម្រេចកិច្ចការបើ២០ថ្ងៃ យើងធ្វើតែ៥ថ្ងៃ។ នេះយើងសង្ឃឹមមុតមាំថាបងប្អូននឹងជោគជ័យក្រោយពីការសិក្សារៀនសូត្រហើយ»។

ការសង្គ្រោះអាយុជីវិតរបស់ជនរងគ្រោះចេញពីឧប្បត្តិហេតុផ្សេងជារឿងចាំបាច់ និងចម្បងបំផុតសម្រាប់បេះដូងរបស់អ្នកសង្គ្រោះ។ ពួកគេមិនខ្វល់ថាប្រតិបត្តិការសង្គ្រោះមានឧបសគ្គ មានការលំបាកប៉ុណ្ណានោះទេ គោលដៅរបស់ពួកគេ គឺជួយដណ្តើមយកជីវិតរបស់ជនរងគ្រោះពីមច្ចុរាជឱ្យបាន។ នេះជាការបញ្ជាក់របស់ក្រុមអ្នកសង្គ្រោះដែលបានចូលរួមវគ្គបណ្តុះបណ្តាល។

ក្រុមអ្នកជួយសង្គ្រោះ បានមើលឃើញថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះនឹងជួយពង្រឹងសមត្ថភាពរបស់ពួកគេឱ្យកាន់តែប្រសើរថែមទៀត ពេលចេញប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងឧប្បត្តិហេតុទាំងឡាយ។

លោកអនុសេនីយ៍ទោ អ៉ឹង រតនា មកពីបញ្ជាការដ្ឋានកងទ័ពជើងទឹក ធ្លាប់បានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ រួមទាំងហេតុការណ៍បាក់អគារនៅខេត្តកែបផងដែរ។ លោកអនុសេនីយ៍ទោ អ៉ឹង រតនា បានថ្លែងថា ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋមានសារសំខាន់ខ្លាំងណាស់ ព្រោះថាជីវិតមនុស្សស្លាប់ទៅហើយមិនអាចរស់ឡើងវិញនោះទេ ដូច្នេះក្រុមអ្នកសង្គ្រោះត្រូវតែខិតខំក្នុងការរុករកជនរងគ្រោះដែលជួបគ្រោះថ្នាក់ផ្សេងៗ។

លោកអនុសេនីយ៍ទោ អ៉ឹង រតនា បានបង្ហាញការយល់ឃើញថា វគ្គបណ្តុះបណ្តាលជំនាញសង្គ្រោះនឹងធ្វើឱ្យរូបលោក និងក្រុមអ្នកសង្គ្រោះដទៃទៀតមានសមត្ថភាពកាន់តែខ្ពស់ក្នុងការសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយផ្សេងៗ។

សូមបញ្ជាក់ថា ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី ក៏បានប្រគល់ឧបករណ៍ និងសម្ភារៈប្រើសម្រាប់គាំទ្រដល់ប្រតិបត្តិការសង្គ្រោះជូនទៅក្រុមអ្នកជួយសង្គ្រោះទាំងនេះផងដែរ។

ឧបករណ៍ និងសម្ភារៈប្រើសម្រាប់គាំទ្រដល់ប្រតិបត្តិការសង្គ្រោះនាព្រឹកមិញនេះ មានចំនួន១៥ប្រភេទរួមមាន៖ ឯកសណ្ឋាន មួកសុវត្ថិភាព ពិលសម្រាប់មួកសុវត្ថិភាព ពិលដៃ មួក អាវ បាឡូ ម៉ាស៊ីនកាត់បេតុង ម៉ាស៊ីនកាត់ដែក ម៉ាស៊ីនបុកកម្ទេចថ្ម បំពង់ឧស្ម័នផ្សារកាត់ដែកចល័ត ម៉ាស៊ីនភ្លើងចល័តតូច ម៉ាស៊ីនស្វាន បំពង់ខ្យល់អុកស៊ីសែនចល័ត និងម៉ាស៊ីនភ្លើងហ្វាចល័ត។ ក្រៅពីឧបករណ៍បច្ចេកទាំងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានផ្តល់ម៉ាស៊ីនស្តាប់ចង្វាក់បេះដូង និងម៉ាស៊ីនចាប់សំឡេងផងដែរ។

ឧបករណ៍ និងសម្ភារៈគាំទ្រដល់ប្រតិបត្តិការសង្គ្រោះទាំងនេះ ចំណាយថវិកាសរុបប្រមាណជា ៧០ម៉ឺនដុល្លារអាមេរិក ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕