(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានប្រទេសម៉ាឡេស៉ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នាពេលបច្ចុប្បន្ន និងប្រទេសអូស្រ្ដាលី។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ប្រមុខការទូតកម្ពុជា បានចែករំលែកនូវទស្សនៈ ៤ចំណុច រួមមាន៖

* អាស៊ានបានធ្វើការយ៉ាងសកម្ម ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងការឆ្លើយតបជាសមូហភាព ដែលមិនត្រឹមតែធ្វើការឆ្លើយតបរវាងបណ្តាប្រទេសសមាជិក
អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយដៃគូខាងក្រៅទៀតផង។ ដំណោះស្រាយដែលប្រកបដោយបុរេសកម្មរបស់អាស៊ាន អាចផ្ញើសារយ៉ាងច្បាស់មួយថា នៅក្នុងពេលមានវិបត្តិ សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនការសម្របសម្រួល និងការឆ្លើយតបរួមគ្នា ក៏ដូចជាសាមគ្គីភាពជាអន្តរជាតិ។

* អាស៊ាន និងអូស្រ្តាលី ត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ចចំពោះការឆ្លងរលកទីពីរនៃជំងឺរាតត្បាតនេះ ខណៈដែលបណ្តាប្រទេសទាំងឡាយកំពុងចាប់ផ្តើមរៀបចំផែនទីបង្ហាញផ្លូវរៀងៗខ្លួន ដើម្បីបន្ធូរបន្ថយការរឹតបណ្តឹងចំពោះជំងឺកូវីដ-១៩។ យើងទាំងអស់គ្នាត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកម្ចាត់ជំងឺរាតត្បាតនេះជាមួយគ្នាលើគ្រប់ផ្នែកទាំងអស់ ស្របតាមការប្តេជ្ញាចិត្តរួមគ្នានៅមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣។

* ជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ សកម្មភាពជាក់ស្តែងអាចត្រូវបានសម្រេច តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នៅពេលវេលាដ៏ឆាប់ខាងមុខ។

* អាស៊ាន និងអូស្រ្តាលីគួរតែសហការគ្នានៅគ្រប់កម្រិត ដើម្បីអភិវឌ្ឍ ធ្វើតេស្ត និងបង្កើនផលិតកម្មឱសថ និងវ៉ាក់សាំងការពារ សម្រាប់ជំងឺរាតត្បាតកូវីដ-១៩នេះ ឱ្យបានប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដោយធានាថា ប្រជាពលរដ្ឋដែលមានសេចក្តីត្រូវការ អាចមានឱកាសទទួលបានទាន់ពេលវេលានូវឱសថ និងវ៉ាក់សាំងទាំងនេះ ដោយគ្មានការរារាំង៕