(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រគល់ឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍ ដល់មន្ទីរទេសចរណ៍ចំនួន ២២ខេត្ត ដែលបន្ថែមពីលើគោលដៅទេសចរណ៍ចំនួន ៣រាជធានី-ខេត្ត ដែលលោកបានដឹកនាំកច្ចប្រជុំត្រួតពិនិត្យនាពេលកន្លងទៅ។

លោករដ្ឋមន្ត្រីបានចុះត្រួតពិនិត្យ និងដឹកនាំកិច្ចប្រជុំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ និងនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍ ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់អំពីការអនុវត្តន៍របស់ប្រតិបត្តិករទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសចរណ៍បានប្រកាសផ្សព្វផ្សាយដាក់ឲ្យអនុវត្តកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដែលក្នុងនោះរួមមាន៖ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ សេវាកម្មដឹកជញ្ជូនផ្លូវទឹក សេវាកម្មដឹកជញ្ជូនផ្លូវគោក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍។

គួររំលឹកថា ការប្រគល់នូវឡាប៊ែលវិធានសុវត្ថិភាពទេសចរណ៍នៅពេលនេះ គឺដើម្បីទុកឲ្យរដ្ឋបាលរាជធានី-ខេត្ត ដែលមានមន្ទីទេសចរណ៍ជាសេនាធិការជំនាញចុះវាយតម្លៃ និងបិទតាំងបង្ហាញដើម្បីបញ្ជាក់អំពីការអនុវត្តរបស់ប្រតិបត្តិករទេសចរណ៍ ឆ្លើយតបនឹងលក្ខខណ្ឌដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានណែនាំយ៉ាងម៉ឺងមាត់ដល់មន្ទីរទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសារាចរណែនាំលេខ ០០៤ សរណន ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវចុះផ្សព្វផ្សាយណែនាំជាប្រចាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍។

យ៉ាងណាមិញ លោករដ្ឋមន្រី្តក្រសួងទេសចរណ៍បានរំលឹកថា វិធានសុវត្ថិភាពទេសចរណ៍ត្រូវបានដាក់ឲ្យអនុវត្តន៍ជាកាតព្វកិច្ច និងជាលក្ខខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍តាមប្រភេទអាជីវកម្មទេសចរណ៍នីមួយៗ៕