(កំពង់ធំ)៖ ខណៈដែលស្រែស្រូវមួយចំនួនរបស់ប្រជាកសិរករកំពុងខ្វះខាតទឹកស្រោចស្រព ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹកបញ្ចូលស្រែសង្គ្រោះស្រូវរបស់ប្រជកសិករនៅស្រុកបារាយណ៍ និងស្រុកតាំងគោក ឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពនេះ។

ជាក់ស្ដែង នាថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២០នេះ លោក ថោង ខុន រួមទាំងក្រុមការងារពាក់ព័ន្ធបានចុះទៅពិនិត្យដោយផ្ទាល់ នូវស្ថានភាពកង្វះខាតទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ ខណៈម៉ាស៊ីនបូបទឹកជាច្រើនគ្រឿងកំពុងមមាញឹកក្នុងការជួយអន្តរាគមន៍។

លោក ហាក់ ម៉ុងហ៊ួត អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ស្រែស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកតាំងគោកដែលរងផលប៉ះពាល់មានប្រមាណ ២,០០០ហិកតា ក្នុងនោះឃុំស្រឡៅរងការប៉ះពាល់ខ្លាំងជាងគេ គឺមានប្រមាណ ៣៥០ហិកតា។ រីឯដីស្រែក្រៅពីនោះនៅមានសង្ឃឹមខ្លះ ព្រោះប៉ុន្មានថ្ងៃជាប់ៗគ្នានេះមានភ្លៀងដែលធ្វើឲ្យស្រូវអាចរស់បាន។

ចំណែកនៅស្រុកបារាយណ៍វិញ ស្រែស្រូវដែលរងផលប៉ះពាល់មានចំនួន ១,៣០០ហិកតា ក្នុងនោះសង្គ្រោះបានចំនួន ៦៥០ហិកតា។ ដូច្នេះបើសរុបផលប៉ះពាល់ទាំងពីរស្រុកនេះមានចំនួន ៣,៣០០ហិកតា ដោយសង្គ្រោះបានសរុបចំនួន ៩៥០ហិកតា។

ឆ្លើយតបនឹងអនុសាសន៍រាជរដ្ឋាភិបាល និងតាមសំណើរបស់លោក ថោង ខុន, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ក៏បានចាត់ឲ្យកងអន្តរាគមន៍សង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំលោកឧត្តមសេនីយ៍ឯក ហ៊ុន ផាន់ មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ចុះបូមទឹកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាកខ្វះខាតទឹកធ្វើស្រែចម្ការយ៉ាងខ្លាំងនៅក្នុងស្រុកចំនួនពីរ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២០។

ក្នុងការអន្តរាគមន៍បូមទឹកបញ្ចូលស្រែស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរខាងលើនេះ កងអន្តរាគមន៍របស់សម្ដេចតេជោ ហ៊ុន សែន បាននាំយកម៉ាស៊ីនបូមទឹកចំនួន ៣០គ្រឿង និងម៉ាស៊ីនរបស់ក្រសួងធនធានទឹក និងឧតុនិយមចំនួន ២គ្រឿងទៀតផងដែរ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសាទរចំពោះសកម្មភាពរបស់កងអន្តរាគមន៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសហការចុះជួយស្រែស្រូវរបស់ពួកគាត់បានទាន់ពេលវេលា៕