(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា យើងមិនដែលភ្លេចលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ បើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។

មូលហេតុដែលលើកឡើងយ៉ាងដូច្នេះរបស់លោកប្រមុខការទូត ដោយសារកន្លងមកកម្ពុជា បានជួយសង្គ្រោះនាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរ ជាង២០០០នាក់ ដែលបណ្តាប្រទេស និងដែនដីជាច្រើនមិនឲ្យចូលចត និងការដែលកម្ពុជាបានព្យាបាលជំងឺកូវីដ១៩ ដល់ជនបរទេសជាច្រើននាក់ផងដែរ។

ថ្លែងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» នៅទីស្តីការក្រសួង លោក ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកយើងបានបង្ហាញទៅកាន់ពិភពលោកថា ទោះបីជាមានវិបត្តិកើតឡើងក៏ដោយ ក៏កម្ពុជាមិនដែលភ្លេចពីការជឿលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ។ ក្នុងនាមជាប្រទេសតូច តែមានទឹកចិត្តទូលាយ កម្ពុជាបានផ្តល់ការធ្វើតេស្ត និងព្យាបាលជំងឺកូវីដ១៩ មិនត្រឹមតែចំពោះជនជាតិកម្ពុជាទេ ប៉ុន្តែក៏ចំពោះជនបរទេសផងដែរ។ ពួកយើងបានជួយសង្គ្រោះនាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរ ២២៥៧នាក់ ក្រោយពីត្រូវបានគេបដិសេធមិនឲ្យចូលចតនៅកំពង់ផែ ពីប្រទេសនានាជាច្រើន»។

លោកថែមទាំងបានលើកឡើងវិញ ពីប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីពេលកន្លងទៅថា «តើយើងអាចនិយាយពីសិទ្ធិមនុស្សបានយ៉ាងម៉េច បើសិទ្ធិក្នុងការរស់នៅមិនត្រូវបានគោរពផងនោះ»

ចំពោះករណីនេះដែរ លោក ប្រាក់ សុខុន បានសម្តែងការសោកស្តាយថា បើទោះបីជាមានភស្តុតាងបង្ហាញពីភាពជោគជ័យយ៉ាងច្បាស់បែបនេះក្តី ក៏កម្ពុជាសង្កេតឃើញថា ចំណាប់អារម្មណ៍ពីសារព័ត៌មានលើពិភពលោកចំពោះកម្ពុជា ពិតជាមានតិចតួចណាស់៕