(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញប្រកាសមួយផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមលិខិតបទដ្ឋាន គតិយុត្តកំណត់។

ក្រសួងក៏បានផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។

ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែល បានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។

ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូបដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬ ជាអ្នកជួលក្តី មានកាតព្វកិច្ច ចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។

សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ដទៃទៀត៕

ខាងក្រោមនេះជាប្រកាសក្រសួងមហាផ្ទៃ៖