(កំពង់ធំ)៖ ស្រលាញ់ជីវិតខ្លួនឯងមិនចង់ឱ្យគ្រួសារអ្នកដ៏ទៃមានវិបដិសារី សូមបើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់។ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយបានកើតឡើងរវាងរងយន្តធុនតូច និងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នាបណ្ដាលឱ្យស្លាប់មនុស្ស០២នាក់ភ្លាមៗនៅកន្លែងកើតហេតុ នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧១ ចន្លោះគីឡូម៉ែត្រ៥៣-៥៤ ចំណុចភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលខូចខាត ម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿង ម៉ូតូម៉ាកស៊ុយសឺគឺស្មាក់ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកពីជើងទៅត្បូង ដោយឈ្មោះ ឡាយ ភឹន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិច្រណោម ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) មានពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ ទ្រី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

ចំណែករថយន្តម៉ាកកាំម៉ារីព្រុស បើកពីត្បូងទៅជើង ដោយឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបឹងសំរឹទ្ធ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

ចំពោះវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ មូលហេតុបឋមបង្កឡើងដោយអ្នកបើករថយន្តឈ្មោះ ឈួន សំណាង បើកបរមានល្បឿនលឿនចំណុចផ្លូវកោង៕