(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសសម្តែងការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់សមាគមសិប្បករកម្ពុជា ដែលបានធ្វើជាចលករដ៏សំខាន់មួយក្នុងការលើកស្ទួយដល់សិប្បកម្មនៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រី បានសន្យាជួយជ្រោមជ្រែងរាល់សេចក្តីត្រូវការរបស់សមាគម ដើម្បីជួយជំរុញដំណើរការសិប្បកម្មជាសមាជិករបស់សមាគម។

លោករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់បែបនេះ ក្នុងពេលរូបលោកអនុញ្ញាតឱ្យលោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) ប្រធានសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។

នៅក្នុងកិច្ចប្រជុំនេះ លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ បានជម្រាបលោករដ្ឋមន្ត្រីថា ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ ធ្វើឱ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះសមាគមមានបំណងចងក្រងសិប្បករជាក្រុម ដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកគេទៅកាន់ទីផ្សារផ្សេងៗ ដូចជានាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ សម្រាប់ការងារទាំងនេះ សមាគមនឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និងការធ្វើទីផ្សារ។

ជាកិច្ចឆ្លើយតបលើបញ្ហានេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងពាណិជ្ជកម្មមានតួនាទីក្នុងការអនុវត្តចលនាភូមិមួយផលិតផលមួយ ដូច្នេះហើយការងារដែលលើកឡើងដោយសមាគម គឺស្របទៅនឹងគោលការណ៍របស់ក្រសួងផងដែរ។

លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្មគាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយជូនជាយោបល់ឱ្យសមាគម ធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ផលិតករ និងសិប្បករខ្មែរ តាមរយៈការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា។

ក្រៅពីនេះលោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យសមាគម ពិនិត្យលទ្ធភាពលើការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងការធ្វើទីផ្សារ និងផ្សារភ្ជាប់ទៅនឹងអតិថិជន និងទីផ្សារទូលំទូលាយ។ ក្រសួងពាណិជ្ជកម្ម នឹងជួយជំរុញបន្ថែមលើការងារនេះ តាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសផងដែរ។

លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ បានថ្លែងអំណរគុណសម្រាប់ការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ហើយសមាគមនឹងអនុវត្តតាមការណែនាំរបស់លោករដ្ឋមន្ត្រី ក្នុងការសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាសិប្បករ និងសិល្បករ។

សមាគមសិប្បករកម្ពុជា គឺជាសមាគមពាណិជ្ជកម្មមួយដែលគាំទ្រដោយក្រុមសិប្បកម្មប្រមាណ៥០នៅទូទាំង ប្រទេស កម្ពុជា។ សិប្បកម្មជាសមាជិកនេះ គឺធ្វើការជាមួយមនុស្សដែលងាយរងគ្រោះបំផុត មានដូចជាជនរងគ្រោះដោយសារគ្រាប់មីន មេរោគអេដស៍, កុមារតាម ចិញ្ចើម ផ្លូវ និងជនជាតិភាគតិចនាក់ជាដើម៕