(ភ្នំពេញ)៖ នៅសប្តាហ៍ក្រោយក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសជូនដំណឹងអំពីដំណាក់កាលទី១ នៃដំណើរការបើកសាលារៀនឡើងវិញ ក្រោយបិទមួយរយៈដោយសារតែជំងឺ COVID-19 នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានអះអាងថា ការបើកដំណើរការសាលារៀនឡើងវិញនេះ នឹងធ្វើឡើងជាបីដំណាក់កាលផ្សេងៗគ្នា ដោយដំណាក់កាលទី១៖ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២៖ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣៖ សាលារៀនមានស្តង់ដាអប្បបរមា។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។

លោក រស់ សុវាចា បានបន្ថែមថា ចំណែកឯដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

គួរជម្រាបថា គិតត្រឹមថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕