(ឧត្តរមានជ័យ)៖ លោកស្រី ហេង សំអាន ប៉ែន កុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្ដរមានជ័យ ត្រូវជាភរិយាលោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក៏ដូចជាភរិយាថ្នាក់ដឹកនាំខេត្ត នាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តប្រាសាទចេកក្បូរ និងវត្តភ្នំដី ស្ថិតនៅក្នុងឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

លោកស្រី ហេង សំអាន បានថ្លែងប្រគេននិ ងជម្រាបជូនដល់ព្រះសង្ឃ លោកយាយលោកតាថា ក្នុងនាមសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តឧត្តរមានជ័យ លោកស្រីនិងក្រុមការងារតែងបានចុះធ្វើសកម្មភាពផ្សេងៗ ក្នុងទិសដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ក៏ដូចជាការងារសង្គមផ្សេងៗ។

ជាក់ស្តែងកន្លងមកក្រុមការងារសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ បានចុះធ្វើសកម្មភាពមនុស្សធម៌ចុះជួយប្រជាពលរដ្ឋទីទ័លក្រ ស្ត្រីមេម៉ាយ និងចាស់ជរាគ្មានទីពឹង។ ប៉ុន្តែពេលនេះ ស្របពេលដែលព្រះសង្ឃកំពុងចូលកាន់ព្រះវស្សាផងនោះ ក្រុមការងារបាននាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃ២វត្ត នៅឃុំក្រសាំង ស្រុកចុងកាល់នេះ។

លោកស្រីបានឲ្យដឹងថា វត្តប្រសាទចេកក្បូរ ត្រូវបានប្រគេនជូនស្លាដក១, អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ អង្គរពូរ៉ូ២កេស, ទឹកផ្លែឈើ២កេស, មី២កេស, ត្រីខ២យួរ, ទឹកត្រី២យួរ,ទឹកស៉ីអ៉ីវ៣យួរ, ភេសជ្ជៈបាកាស២កេស, ប្រេងម៉ាស៊ូត៣០លីត្រ, ថវិកាកសាងវត្តចំនួន៩០០,០០០រៀល ព្រមទាំងបានប្រគេនថវិកាដល់ព្រះសង្ឃ៥អង្គ ក្នុង១អង្គថវិកា ៥០,០០០រៀល និងជូនថវិកាយាយជី តាជី៥០នាក់ ក្នុង១នាក់ទទួលបានថវិកា ១០,០០០រៀល។

វត្តភ្នំដី ត្រូវបានប្រគេនស្លាដក១, អង្ករ៥០ គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកត្រី៣យួរ,ទឹកស៉ីអ៉ីវ៣យួរ, ទឹកផ្លែឈើ២កេស, ទឹកសុទ្ធ២កេស, ភេសជ្ជៈបាកាស២កេស, ប្រេងម៉ាស៊ូត១កាដុង៣០លីត្រ និងថវិកាកសាងវត្ត ១,៦០០.០០០ រៀល ព្រមទាំងបានប្រគេនថវិកាដល់ព្រះសង្ឃ៨ អង្គ ក្នុង១អង្គ ថវិកា៥០,០០០រៀល និងយាយជី តាជី២០នាក់ ក្នុង១នាក់ទទួលបានថវិកា១០,០០០រៀលផងដែរ៕