(ភ្នំពេញ)៖ ដើម្បីបំពុលបណ្តាញសង្គមកាន់តែខ្លាំងក្លាឡើង ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោក រងផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយការរីករាលដាលជំងឺកូវីដ១៩នោះ ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានយករូបបុរសសរសៃប្រសាទម្នាក់ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា គាត់ចងកព្រោះជំពាក់លុយធនាគារទៅវិញ។

ទណ្ឌិត សម រង្ស៉ី បានសរសេរនៅលើ Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖ «ថ្ងៃនេះ តាមព័ត៌មានទទួលបានពីបណ្តាញសង្គម មានពលរដ្ឋខ្មែរយ៉ាងតិច ២នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែមិនអាចប្រឈមមុខបញ្ហាបំណុលជុំខ្លួន។ ធនាគារចេះតែមកគំរាមរឹបអូសទ្រព្យសម្បត្តិបន្តិចបន្តួច ដែលនៅសេសសល់»

រូបភាពសពដែលទណ្ឌិត សម រង្ស៉ី បានយកមកបង្ហោះបំភាន់សាធារណជននេះ គឺសពបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ ដែលបានចង «ក» សម្លាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលមរណភាព រូបភាពសពបុរសមានបញ្ហាសតិនេះ ត្រូវបានជនអនាមិកយកទៅបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។

ពាក់ព័ន្ធនឹងករណីនេះ ស្រ្តីជាប្រពន្ធជនរងគ្រោះអ្នកស្រី សេម ជ្រឿន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ក៏បានចេញមុខមកបដិសេធ ថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះជនទាំងឡាយ ដែលយករូបសពប្តីរបស់គាត់ ទៅបង្ហោះបំភ្លៃការពិតបង្កាច់បង្ខូចថា «គាត់ចងកដោយសារជំពាក់លុយធនាគារ» ប៉ុន្តែការពិតប្តីរបស់គាត់មានជំងឺសរសៃប្រសាទ។

អ្នកស្រី សេម ជ្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រួសារខ្ញុំ មិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»

អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។

ជាមួយនោះដែរអ្នកប្រើប្រាស់ Facebook ក៏បានចូល Comment នៅលើ Facebook របស់ទណ្ឌិត សម រង្ស៉ី ថា «សូមលោកពូ កុំបំពុលសង្គមអីបានទេ ! ខាងគ្រួសារនៃសពគាត់បានបញ្ជាក់ហើយថា បងប្រុសមិនមែនស្លាប់ដោយសារធនាគាររឹបអូសទេ ! ឈប់បានឈប់ទៅ !»

ដោយឡែកអ្នកប្រើប្រាស់ Facebook «Seang Piseth» ក៏បានសរសេរថា៖ «គ្រួសារខ្ញុំកំពុងមានទុក្ខបែរជាផេកទាំងពីរនេះវាប្រឌិតរឿងថោកទាបទៅវិញ។ ចិត្តអ្នកឯងសត្វឬក៏ចិត្តនរក??រឿងពិតមិនដូចដែលផេកទាំង២នេះផុសនោះទេ»

សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ ឬមានការថមថយនូវចំណូលមួយចំនួន ដោយសារតែផលប៉ះពាល់ លើសេដ្ឋកិច្ចទាំងមូល។ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម បានយកឱកាសនេះ បង្កចលាចល តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុល កុំឱ្យសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត។ ដើម្បីសម្រេចមហិច្ចតានេះ លោក សម រង្ស៉ី បានរៀបចំក្រុមការងាររបស់ខ្លួន ដើម្បីធ្វើយុទ្ធនាការ បំភាន់សាធារណជនជាបន្តបន្ទាប់៕

ខាងក្រោមជាលិខិតស្រាយបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ៖