(ភ្នំពេញ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកោតសរសើរថា កម្ពុជាគឺជាប្រទេសមួយ ដែលបានរួមចំណែក និងទប់ស្កាត់បញ្ហាកូវីដ១៩ បានល្អបំផុតនៅក្នុងបរិបទបច្ចុប្បន្ននេះ។ នេះបើតាមលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ថ្លែងនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងឱកាសរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាវិទ្យាសាស្ត្រស្តីពី «ទំនាក់ទំនងកម្ពុជា-អាមេរិក» ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
លោក Patrick Murphy បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជំងឺកូវីដ១៩ ដែលខ្ញុំជឿថាភាគីទាំងពីរនឹងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ មិនថាបរិបទបែបណាទេ ខ្ញុំជឿថាយើងអាចធ្វើបាន។ មួយវិញទៀត ខ្ញុំឃើញថាប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានរួមចំណែក និងទប់ស្កាត់បញ្ហាកូវីដ១៩នេះ ល្អមែនទែននៅក្នុងបរិបទបច្ចុប្បន្ននេះ»។
លោកបានរំលឹកដែរថា អំឡុងពេលវិបត្តិកូវីដ១៩នេះ សហរដ្ឋអាមេរិកបានបរិច្ចាគវិភាគទាន ១១លានដុល្លារមកកម្ពុជា ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩។
លោករំពឹងថា ថវិកានេះមិនត្រឹមតែជួយដល់វិស័យសុខាភិបាលទេ ប៉ុន្តែក៏ចូលរួមចំណែកទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ នៅកម្ពុជាផងដែរ ហើយថវិកានេះដែរ ក៏បានជួយដល់ប្រទេសកម្ពុជា គេចផុតពីបញ្ហាសេដ្ឋកិច្ច នៅពេលអនាគតទៀតផង។
លោក Patrick Murphy បានបញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសល្អជាងគេនោះទេ ហើយអ្វីដែលអាមេរិកចង់ធ្វើនោះ គឺពង្រឹងឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរ កាន់តែមានភាពល្អប្រសើរឡើង។ លោកកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ បានចាប់ផ្តើមលេចរូបរាងឡើង ពីពេលមួយទៅពេលមួយយ៉ាងល្អជានិច្ច។
លោកបន្ថែមថា «ទាក់ទងនឹងផ្លូវច្បាប់ យើងសង្ឃឹមថាប្រទេសកម្ពុជា នឹងមានសំឡេងលើឆាកអន្តរជាតិ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការវាងអាមេរិក និងកម្ពុជា គឺជាចំណងទំនាក់ទំនងមនុស្ស និងមនុស្ស ហើយយើងមានគោលដៅរួមគ្នា ជាក់ស្តែងពេលនេះ យើងមានការបង្ហាញពីកិច្ចសហប្រតិបត្តិការបែបវិទ្យាសាស្ត្រ ដូចដែលយើងបានរួមគ្នាក្នុងការពិភាក្សាផ្នែកនេះ»។
លោក Patrick Murphy ថែមទាំងបានលើកឧទាហរណ៍ជាក់ស្តែងថា មានប្រជាជនអាមេរិកជាច្រើនបានចាត់ទុកកម្ពុជា គឺជាផ្ទះរបស់ពួកគេ ហើយក៏មានប្រជាជនកម្ពុជាមួយចំនួន ទៅដល់អាមេរិក ហើយចាត់ទុកអាមេរិក គឺជាប្រទេសរបស់គេដូចគ្នា ដែលចំណុចនេះហើយបង្ហាញថា ប្រជាជនរវាងប្រទេសទាំងពីរ មានទំនាក់ទំនងគ្នាយ៉ាងល្អ។ មិនថា ៧០ឆ្នាំកន្លង ឬ៧០ឆ្នាំទៅមុខទៀតទេ លោក Patrick Murphy សង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នឹងមានស្ថានភាពកាន់តែប្រសើរ។
លោកបន្តទៀតថា «ក្នុងនាមខ្ញុំជាឯកអគ្គរដ្ឋទូតអាមេរិក ខ្ញុំមានសង្ឃឹម ហើយខ្ញុំនឹងធ្វើឲ្យមានការយោគយល់គ្នា បង្កើនការធ្វើពាណិជ្ជកម្ម ហើយមានកិច្ចសហប្រតិបត្តិការគ្នាលើវិស័យសិក្សា ដែលមានសិស្សជាច្រើនទៅសិក្សានៅអាមេរិក ហើយពួកគាត់អាចត្រឡប់មកវិញ ដើម្បីអភិវឌ្ឍន៍ប្រទេស។ ពួកគេទាំងនោះ នឹងមានសមត្ថភាពធ្វើការជាមួយកម្ពុជា ដើម្បីនាំនាវាកម្ពុជាទៅរកវឌ្ឍនភាព»៕