(ភ្នំពេញ)៖ យោតាមរបាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន១២៣,១៥១តោន កើនឡើង១៨ភាគរយបើធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងទៀតថា តម្លៃលក់កៅស៊ូជាមធ្យមនៅឆមាសទី១ ឆ្នាំ២០២០ គឺមានតម្លៃ១,៣០៥ដុល្លារក្នុងមួយតោន បានថយចុះចំនួន៣៣ដុល្លារក្នុងមួយតោន ស្មើនឹង២.៤៧ភាគរយ ធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៩។ ដូច្នេះទំហំនៃការនាំចេញជ័រកៅស៊ូរបស់កម្ពុជា នៅឆមាសទី១ ឆ្នាំនេះ មានទឹកប្រាក់ជាង១៦០លានដុល្លារអាមេរិក។
សូមជម្រាបថា មកដល់បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន៤០៤,៧០១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០,១០៧ហិកតាស្មើនឹង៦២ភាគរយ និងផ្ទៃដីថែទាំចំនួន១៥៤,៥៩៤ហិកតាស្មើនឹង៣៨ភាគេយ។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕