(កំពង់ស្ពឺ)៖ អាជ្ញាធរមូលដ្ឋានរួមទាំងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ បានសហការចុះរុះរើសំណង់អនាធិបតេយ្យដែលបានលួចសង់ដោយខុស ច្បាប់របស់ប្រជាពលរដ្ឋមួយចំនួនតូច ( ប្រមាណ ៤គ្រួសារ) ដែលរំលោភលើដីតំបន់រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ក្នុងភូមិអូរសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប៉ុន្តែក្រោយការរុះរើសំណង់អនាធិបតេយ្យទាំងនោះ ក៏ស្រាប់តែមានប្រជាពលរដ្ឋដែលគេស្គាល់ថា ជាម្ចាស់ខ្ទមតូចៗ ហើយត្រូវបានសមត្ថកិច្ចរុះរើនោះចេញមុខចោទប្រកាន់ថា ការដែលនាំឲ្យមានការរុះរើខ្ទមអនាធិបតេយ្យទាំងអស់នោះ គឺអាជ្ញាធររួមទាំងមន្ត្រីឧទ្យានុរក្សធ្វើតាមបញ្ជារបស់លោក ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាទៅវិញ ដែលខុសពីការពិតទាំងស្រុង និងនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោក។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបញ្ជាក់ជូនថា គាត់មិនបានពាក់ព័ន្ធ ឬមិនមានសិទ្ធិទៅបញ្ជាឲ្យអាជ្ញាធរឬសមត្ថកិច្ច ចុះរុះរើខ្ទមប្រជាពលរដ្ឋដែលសង់ដោយខុសច្បាប់ លើដីឧទ្យានជាតិនោះទេ។ ប៉ុន្តែសកម្មភាពរុះរើនោះជាការបំពេញកាតព្វកិច្ចរបស់អាជ្ញាធរក៏ដូចជាមន្ត្រីឧទ្យានុរក្សក្នុងការការពារពី ការរំលោភបំពានដីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ពីជនអនាធិបតេយ្យតែប៉ុណ្ណោះ។
លោកបន្តថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ត្រូវបានកសាងឡើងតាមអនុក្រឹត្យលេខ២១៥ អ.ន.ក្រ.បក ដែលមានទំហំដី ប្រមាណ ១២៦ហិកតា ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។
លោកបានឲ្យដឹងទៀតថា ពលរដ្ឋប៉ុន្មានគ្រួសារនោះ បានមកកសាងសង់ខ្ទមតូចៗ ដែលរំលោភលើដីរបស់មជ្ឈមណ្ឌល ក៏ដូចជារំលោភលើដីរបស់ឧទ្យានជាតិព្រះសុរាម្រិតកុសុមគីរីរម្យផងដែរ។ ដូច្នេះទាំងអាជ្ញាធរទាំងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន មានភារកិច្ចការពារតំបន់ឧទ្យានជាតិនៅតំបន់នោះ មិនមែនឧបាសិកាជាអ្នកបញ្ជាឲ្យគេរុះរើ នោះឡើយ។
លោកបានបញ្ជាក់ថា គាត់គឺជាអ្នកពន្យល់ធម៌ អ្នកបួសអ្នករៀនអ្នកសន្សុំបុណ្យកុសល និងជាអ្នកអប់រំចិត្តនៅក្នុងវិស័យព្រះពុទ្ធសាសនា ហើយមិនដែលបង្កទំនាស់ជាមួយអ្នកណានោះទេ ហើយសន្សុំ តែសេចក្តីសុខប៉ុណ្ណោះ។ ដូច្នេះការចោទប្រកាន់មកលើមជ្ឈមណ្ឌលក៏ដូចចោទប្រកាន់មកលើឧកញ៉ាមហាឧបាសិកានោះជាការមិនត្រឹមត្រូវនោះឡើយ ហើយសូមប្រកាស បដិសេធទាំងស្រុងចំពោះ រាល់ការចោទ ប្រកាន់ខុសពីការពិតនោះ។
ឧកញ៉ាមហាឧបាសិកា បានបញ្ជាក់ថា គាត់មានការហត់នឿយណាស់ទៅហើយក្នុងការ លះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរួមទាំងលះបង់ពេលវេលាកម្លាំងកាយចិត្ត ស្វែងរកថវិកាដើម្បីកសាងមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់ប្រយោជន៍ជនជាតិខ្មែរទាំងមូល។ ដូច្នេះគាត់បានលះបង់អស់ហើយហើយមិនចង់បង្កទំនាស់ឬការរំខានដល់អ្នកណាម្នាក់នោះឡើយ ហើយអ្វីដែលគាត់ចង់បានគឺការអភិវឌ្ឍន៍មជ្ឈមណ្ឌលព្រះពុទ្ធសាសនាកម្ពុជា ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយៗទៀតប៉ុណ្ណោះ៕