(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៣នាក់ ដែលអះអាងថា តំណាងប្រជាពលរដ្ឋ១៦១គ្រួសារ មានបញ្ហាដីធ្លីនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានដាក់លិខិតស្នើសុំអន្ដរាគមន៍ទៅកាន់លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ សុំនិរាករណ៍លិខិតមួយដែលលោករដ្ឋមន្ដ្រី ប្រាប់ទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា ផ្អាក់នីតិវិធីតុលាការ លើវិវាទដីធ្លីទំហំ ៩,៩៩២ម៉ែត្រការ៉េ។
ការដាក់លិខិតខាងលើនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ប្រាប់ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ ផ្អាកនីតិវិធីតុលាការលើវិវាទដីធ្លី ជិត១ហិចតា របស់ប្រជាពលរដ្ឋ១៦៣គ្រួសារ ដែលមានទីតាំងនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មួយអន្លើសិន ដើម្បីរង់ចាំក្រុមអធិការកិច្ចធ្វើការស្រាវជ្រាវលើវិវាទនេះ បានចប់សព្វគ្រប់ជាមុនសិន។
យោងតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះបានបង្ហាញថា ប្រជាពលរដ្ឋតំណាងមានចំនួន៣នាក់បានដាក់លិខិត ស្នើសុំអន្ដរាគមន៍ទៅកាន់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ សុំនិរាករណ៍លិខិតមួយដែលលោករដ្ឋមន្ដ្រី។ ដោយសុំមិនធ្វើអត្ថាធិប្បាយ Fresh News សូមដាក់លិខិតទាំងស្រុងដូចខាងក្រោម៖