(ភ្នំពេញ)៖ ជាភាពចាំបាច់ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ត្រូវប្រព្រឹត្តអំពើសុចរិតនៅក្នុងសង្គម ការគោរពច្បាប់របស់ប្រជាពលរដ្ឋជា ការកាត់បន្ថយបទល្មើសកុំឱ្យកើតមាន ហើយដើម្បីបញ្ចៀសនូវបទល្មើស ក្រមព្រហ្មទណ្ឌបានបញ្ញតិអំពីការផ្តន្ទាទោសលើរូបរាងកាយ (ជាប់ពន្ធនាគារ) និងពិន័យជាប្រាក់ដើម្បីបង់ជូនរដ្ឋដោយកំណត់ទោស ទៅតាមទំហំនៃការប្រព្រឹត្តរបស់បុគ្គលនីមួយៗ។

ពោលក្រមព្រហ្មទណ្ឌបញ្ញត្តិឡើងក្នុងគោលបំណង រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយនៅក្នុងសង្គម ប៉ុន្តែទោះបីជាមានការបង្ការបទល្មើស កុំឱ្យកើតមានយ៉ាងណាក្តី ក៏នៅតែមានបុគ្គលមួយចំនួនតូច ដែលមានចេតនាប្រព្រឹត្តបទល្មើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើការបញ្ឆោត បន្លំ ឬបំបាត់ទ្រព្យអ្នកដទៃជាដើម។

ដើម្បីយល់កាន់តែច្បាស់ ថាអ្វីជាបទបន្លំ និងត្រូវទទួលទោសត្រឹមកម្រិតណានោះ ដូច្នេះសម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់ អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទបន្លំ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣៨៤ បានបញ្ញតិ្តថា៖ អំពើបន្លំ គឺជាអំពើរបស់បុគ្គលដែលដឹងខ្លួនថា គ្មានលទ្ធភាពដាច់ខាតនឹងបង់ថ្លៃ ឬដែលសម្រេចចិត្តមិនបង់ថ្លៃ៖
១៖ ឱ្យគេបម្រើម្ហូបអាហារ ឬភេសជ្ជៈនៅក្នុងរង្គសាល ភោជនីយដ្ឋាន ឬ នៅក្នុងគ្រឹះស្ថានដទៃទៀត ដែលបើកចំហដល់សាធារណជន។
២៖ឱ្យគេប្រគល់បន្ទប់មួយ និងកាន់កាប់បន្ទប់នេះនៅក្នុងសណ្ឋាគារ ឬគ្រឹះស្ថានដទៃទៀត ដែលបើកចំហដល់សាធារណជន។
៣៖ ឱ្យគេដឹកជញ្ជូនខ្លួនតាមត្រីចក្រយាន តាមរថយន្តឈ្នួល ឬតាមមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។

ដើម្បីជាភាពងាយយល់ពីចំណុចទាំងបីខាងលើនេះ យើងខ្ញុំសូមនិម្មិតឧទាហរណ៍ដូចខាងក្រោម៖
ឧបមាថា លោក «ក» បានដឹងថាខ្លួនគ្មានប្រាក់ក៏បានម៉ៅរថយន្តតាក់ស៊ីពីភ្នំពេញទៅខេត្តមួយ លុះទៅ ដល់ទីរួមខេត្តលោក «ក» បានឱ្យរថយន្ដឈប់សម្រាកចូលបន្ទប់ទឹក ហើយក៏បានរត់គេច ខ្លួនក្នុងបំណងគេចវេះពីការបង់ថ្លៃរថយន្ដ។ បន្ទាប់ពីនោះ លោក «ក» ក៏បានជួលបន្ទប់សណ្ឋាគារមួយដើម្បីស្នាក់នៅ និងទទួល ទានអាហារមួយពេលដោយថ្លៃអាហារនេះ លោកបានឱ្យអ្នកគ្រប់គ្រងគិតជាមួយថ្លៃបន្ទប់សណ្ឋាគារ។ លុះដល់ពេលព្រឹកព្រលឹម លោក «ក» ក៏បានចាកចេញពីសណ្ឋាគារដោយមិនបានបង់ថ្លៃបន្ទប់ និងថ្លៃអាហារឡើយ។

សកម្មភាពរបស់លោក «ក» ក្នុងចំណោមសកម្មភាពទាំងបីខាងលើនេះ គឺជាការបន្លំដែលត្រូវបានបញ្ញត្តិក្នុង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ជនណាដែលបានប្រព្រឹត្តអំពើបន្លំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។ ចំពោះការប៉ុនប៉ងប្រព្រឹត្តក៏ត្រូវទទួល ការផ្តន្ទាទោសដូចគ្នាផងដែរ។

លើសពីនេះប្រសិនបើតុលាការយល់ឃើញថា បុគ្គលដែលបានប្រព្រឹត្តបទបន្លំត្រូវទទួលទោសបន្ថែមនោះ ក្រមព្រហ្មទណ្ឌបានចែងក្នុងមាត្រា៣៨៦ ដូចខាងក្រោម៖
១៖ ការដកសិទ្ធិខ្លះជាពលរដ្ឋ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។
២៖ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះ បានប្រព្រឹត្ត នៅក្នុងការប្រកបវិជ្ជាជីវៈឬ នៅក្នុងឱកាសនៃការប្រកបវិជ្ជាជិវៈនេះ ជាស្ថាពរ ឬសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន។
៣៖ ការរឹបអូសផលទុន និងទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។
៤៖ ការរឹបអូសយានជំនិះរបស់ទណ្ឌិតមួយគ្រឿង ឬច្រើនគ្រឿង។
៥៖ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសសម្រាប់រយៈពេល២ (ពីរ) ខែយ៉ាងច្រើន។
៦៖ ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មាន។
៧៖ ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ (ប្រាំបី) ថ្ងៃ យ៉ាងច្រើន។

សរុបមក ថ្វីត្បិតតែប្រជាពលរដ្ឋមួយចំនួនគិតថាអំពើបន្លំ គឺជារឿងតូចតាចនៅក្នុងសង្គម ជារឿងសាមញ្ញក៏ដោយតែទង្វើទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានបង្កជាបទល្មើសដែលមានបញ្ញត្ដិនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន ហើយជនដែលបានប្រព្រឹត្តបទល្មើសនឹងត្រូវទទួលការផ្ដន្ទាទោសទៅតាមច្បាប់កំណត់ ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោកស្រី យ៉េ នីតា ជាជំនួយការច្បាប់ និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group៕