(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល បានជំរុញឲ្យសមាជិក សមាជិកាគណបក្ស និងអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែបន្តសកម្មភាពឆ្ពោះ ទៅមូលដ្ឋានចុះជួបពលរដ្ឋតាមខ្នងផ្ទះ និងជួយឧបត្ថម្ភពលរដ្ឋជួបលំបាក ដោយផលប៉ះពាល់ពីជំងឺ Covid-19 និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេសលើការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលជំងឺ Covid-19 ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

ការជំរុញបែបនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ធ្វើឡើងក្នុង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ក្នុងឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជន ខេត្តកណ្ដាល នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ក៏ជំរុញសមាជិក សមាជិកាទាំងអស់ រួមគ្នាយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត អំពីគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ហើយមន្ត្រីបក្សគ្រប់ថ្នាក់ ត្រូវបន្តខិតខំពង្រីកសមត្ថភាព និងបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ច ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិទាំងមូល។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានលើកឡើងទៀតថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ ត្រូវពង្រឹង និងរក្សាឲ្យបាននូវ សាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ដោយត្រូវចាំថា ការសាមគ្គី ឯកភាព គឺជាចំណុចខ្លាំងដែលធ្វើឲ្យបក្សទទួលបានជោគជ័យរហូតមកដល់ពេលនេះ។

តាមរបាយការណ៍ របស់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល បានឲ្យដឹងថា ការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេល ជំងឺ Covid-19 នៅទូទាំងខេត្តកណ្ដាល ក្រុមការងារបានសហការជាមួយអាជ្ញាធរឃុំ-សង្កាត់ អនុវត្តបានត្រឹមត្រូវតាមជំហានទាំង៥ របស់គោលការណ៍ថ្នាក់ជាតិ ដោយសម្រេចបាន៣០,៩២៩គ្រួសារ ដែលទទួលការឧបត្ថម្ភជាសាច់ប្រាក់លើកទី១ ក្នុងនោះ បានមកបើកប្រាក់ មានចំនួន២៨,៨៦៨គ្រួសារ ស្មើនឹង៩៣.៣៧%។

គិតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ គ្រួសារក្រីក្រ បានកើនដល់ចំនួន ៣៣,៦៧២គ្រួសារ ដែលនឹងត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ ជាលើកទី២ នៅថ្ងៃទី២៥ ខែកក្កដា៕