(សៀមរាប)៖ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធការសាខា ព្រមទាំងសហការី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានប្រគល់គ្រែអ្នកជំងឺចំនួន៦៩គ្រែ ដែលចំណាយអស់ថវិកាចំនួន២០,០១០ដុល្លារ ជូនដល់ដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដើម្បីដាក់ជូននៅក្នុងអគារ នៃមន្ទីរពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាល។

លោកស្រីអនុប្រធាន បានថ្លែងសំណេះសំណាល កោតសរសើរថ្លែងអំណរគុណ ចំពោះបុគ្គលិក មន្រ្តី និងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យនេះ ក៏ដូចជាមន្ត្រី នៃមន្ទីរសុខាភិបាល ហើយបានបញ្ជាក់ពីការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលក្រីក្រ មានជំងឺច្រើនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកស្រីបន្ដទៀតថា ហើយនេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីសេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្ស ធម៌របស់មនុស្សជាតិ។ ម្យ៉ាងវិញទៀត គឺជាការគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។

លោកស្រីបានបន្ថែមថា ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋកម្ពុជា និងតម្លៃមនុស្សធម៌ ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាចំនួន២០,០១០ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងការជួយបំពេញបន្ថែមនូវការខ្វះខាតរបស់មន្ទីរពេទ្យ និងដើម្បីសម្រួល ដល់អ្នកជំងឺដែលត្រូវសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។

លោកស្រី ទាង អេង ទៀសីហា បានបន្ថែមទៀតថា ទោះបីជាថវិកា ដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានចូលរួមចំណែក មួយយ៉ាងសំខាន់ ដើម្បីទ្រទ្រង់សកម្មភាព ជួយសង្គ្រោះប្រជាពលរដ្ឋរបស់មន្ទីរយើងនេះ។

បន្ទាប់ពីពិធីប្រគល់ថវិកា លោកស្រី និងប្រតិភូ បានអញ្ជើញជួបសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល និងបានអញ្ជើញពិនិត្យគ្រែអ្នកជំងឺថ្មីៗ និងទីតាំងត្រូវដាក់គ្រែអ្នកជំងឺផងដែរ។

សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប គឺជាការិយាល័យមួយរបស់មន្ទីរសុខាភិបាលខេត្ត ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កំរឹត៣ ដែលមានគ្រែសម្រាកពេទ្យ៣៧០តែប៉ុណ្ណោះ បច្ចុប្បន្នអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យនេះ មានចំនួនកាន់តែច្រើនឡើង ទាំងអ្នកនៅក្នុងខេត្តសៀមរាប និងអ្នកមកពីខេត្តផ្សេងៗផងដែរ ទើបមន្ទីរពេទ្យត្រូវការពង្រីកកន្លែង សម្រាកព្យាបាលជាបន្តបន្ទាប់៕