(កំពង់ស្ពឺ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងមាតា (ជនជាតិភាគតិចសួយ) នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណជិត៤០០នាក់ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនេះ លោកស្រី មែន សំអន ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ដោយសម្តេចទាំងទ្វេតែងតែ គិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកស្រីបានបន្តទៀតថា ពិធីនេះរៀបចំឡើងបានដោយសារប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺក៏ បានប្រែក្លាយពីតំបន់ដែលពោរពេញដោយសង្គ្រាម មកជាតំបន់ដែលមាន ការអភិឌ្ឍន៍ប្រកបដោយសក្តានុពល ប្រកបដោយភាពទាក់ទាញ់។ ការរីកចម្រើន ទាំងនេះ ក៏បានកើតចេញពីការចូលរួមចំណែករបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ ហើយក្នុងនោះក៏មានស្រ្តីខេត្តកំពង់ស្ពឺផងដែរ ។

លោកស្រី ម៉ែន សំអន ក៏បានលើកឡើងអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀត របស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនជាអតិបរិមាជាពិសេស ការបានដាក់ឱ្យដំណើរការ នូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធី ជំនួយសង្គមពិសេសដែលមិនអចិន្ត្រៃយ៍ សំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ក្នុងអំឡុងពេលកូវីដ ១៩ និងការអនុវត្តគោលនយោបាយ ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ ។

លោកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តគោរព និងអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩ នេះ។

លោកស្រី បានចែកអំណោយជូនដល់ស្រ្តី និងប្រជាពលរដ្ឋដែលអញ្ជើញចូលរួមកម្មវិធី នូវសារ៉ុង ១ ក្រម៉ា ១ និងថវិកាមួយចំនួន៕