(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារ ដែលក្រុមការងារសម្រេចបាននៅខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែបន្ត។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ប៉ែន កុសល្យ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ អនុប្រធានគណបក្ស។

ក្នុងកិច្ចប្រជុំនេះក្រុមការងារ បានពិនិត្យលើការងារដែលសម្រេចបាននៅក្នុងខែកក្កដា ដូចជាចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ជួយប្រជាពលរដ្ឋមានជីវភាពលំបាក និងអ្នកដែលរងផលប៉ះពាល់ពីជំងឺ Covid-19 នៅទូទាំងខេត្ត ក៏ដូចជាជួយឧបត្ថម្ភថវិកាដល់ពួកគេ។ ព្រមទាំងការជួយដោះស្រាយបញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះ លោក គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីឆ្លើយតបការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទោះបីជាយ៉ាងណា លោក គន់ គីម បានរំលឹកដល់សមាជិក សមាជិកាក្រុមការងារថា បេសកកម្មចុះមូលដ្ឋាន ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាពដោះស្រាយបញ្ហាដែលកើតមានចំពោះប្រជាពលរដ្ឋ។ លោកប្រធានក្រុមការងារ ក៏បានណែនាំដល់ក្រុមការងារសហការជាមួយអាជ្ញាធរ ស្រុក ខេត្ត និងស្ថាប័នជំនាញ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ផ្សេងៗទៀត។

លោក គន់ គីម បានសង្កត់ធ្ងន់ថា ក្រុមការងារទាំងអស់ត្រូវចង់ចាំនូវដំបូន្មានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីថា «ទុក្ខលំបាករបស់ប្រជាជន គឺជាទុក្ខលំបាករបស់គណបក្សយើង របស់មន្ត្រីយើង»

លោកប្រធានក្រុមការងារបន្ថែមថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ការចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺត្រូវតែអនុវត្តឱ្យខានតែបានដូចពាក្យស្លោក ដែលបានពោលថា គណបក្សប្រជាជនកម្ពុជា មានប្រភពពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន៕