(ភ្នំពេញ)៖ ក្រោយចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងចំនួន៣ បានប្តេជ្ញា នឹងរៀបចំគោលការណ៍ស្តងដារ ដើម្បីធ្វើយ៉ាងណាមិនឱ្យការឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស កើតឡើងជាពិសេសនៅក្នុងតំបន់ហោះហើរ ក្នុងដែនអាកាសរបស់ប្រទេសកម្ពុជា។
ការប្តេជ្ញាចិត្តបែបនេះ របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានធ្វើឡើងក្រោយមានការឆ្លងរំខានសំឡេងមួយចំនួនចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស និងការមិនគោរច្បាប់ និងតាមការណែនាំរបស់ម្ចាស់ស្ថានីយ៍វិទ្យុផ្សព្វផ្សាយមួយចំនួនផងដែរ។
លោក ជា វ៉ាន់ដេត បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «កន្លងមកក្រសួង ស្ថាប័នទាំង៣ បានសហការគ្នាបានល្អ ប៉ុន្តែ យើងសហការគ្នាជាលក្ខណៈទៅតាមករណីនីមួយៗ ប៉ុន្តែ បន្ទាប់ពីសេចក្តីប្រកាសរួមនេះ ក្រសួង ស្ថាប័នយើងទាំង៣នឹងរៀបចំនូវគោលការណ៍ ស្តងដារ ដើម្បីធ្វើយ៉ាងម៉េចឱ្យការឆ្លងរំខាននេះ (ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស) មិនមានកើតឡើងជាពិសេសនៅក្នុងតំបន់ហោះហើរនៅក្នុងដែនអាកាសរបស់ព្រះរាជាណាចក្រកម្ពុជា»។
លោក ជា វណ្ណដេត បានឱ្យដឹងថា ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស មានគ្រោះថ្នាក់ និងមានបញ្ហាធំសម្រាប់ប្រទេសជាតិ ដូច្នេះហើយ បានជាក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឯកភាពគ្នារៀបចំការចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា» នាពេលនេះតែម្តង។
លោក ជា វណ្ណដេត បានបន្តថា ក្នុងនាមជាក្រសួងដែលគ្រប់គ្រងហ្រ្វេកង់ស៍វិទ្យុ នឹងធ្វើយ៉ាងណា ដើម្បីធានាឱ្យនៅតំបន់ហោះហើររបស់អាកាសយានដ្ឋានរបស់កម្ពុជា មានសុវត្ថិភាព។ ក្នុងន័យនេះដែរ ក្រសួងប្រៃសណីយ៍ ក៏បានពិចារណាពង្រឹងអង្គភាពគ្រប់គ្រង ហ្វ្រេកង់ស៍វិទ្យុ ដើម្បីអាចស្កេន ធ្វើតេស្តពិនិត្យមើលនូវរាល់ចំណុចខ្វះខាតដែលអាចកើតមានឡើងជាដើម។
លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា បច្ចុប្បននេះ នៅប្រទេសកម្ពុជា មានរលកសញ្ញាមួយទៀត ដែលសំខាន់មែនទៀត គឺការភ្នាល់ទឹកភ្លៀង ដែលពួកនេះបានប្រើប្រាស់អាយកូមជាប់ ហើយចំណុចនេះជាការលំបាកផងដែរ។ ដូច្នេះ សូមឱ្យក្រសួង ស្ថាប័ន ទាំងអស់ត្រូវខិតខំធ្វើការងារនេះបន្ថែមទៀត។
លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ករណីមួយទៀត ជាគោលការណ៍ប្រសិនបើរកឃើញថាមានវិទ្យុណាមួយប៉ពាល់ដល់ការរំខាន ឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស ក្រសួងនឹងបញ្ជាឱ្យបិទជាបន្ទាន់ ព្រមទាំងចាត់តាំងក្រុមការងារជំនាញចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយបច្ចុប្បន្ននេះ ក្រសួងបានដាក់នូវឧបករណ៍ដើម្បីការពារកុំឱ្យលោតឆ្លងចូលជាដើម។
រដ្ឋមន្ត្រីក្រសួព័ត៌មាន បានបញ្ជាក់ថា ករណីឆ្លងរលកសំឡេងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នេះអាចបណ្តាលមកពីការប្រើដាក់អង់តែន នៅជិតគ្នាពេកជាដើម។
លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងថា ក្នុងនាមជាថ្នាក់ដឹកនាំលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោកបានខិតខំណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ធ្វើការទំនាក់ទំនងគ្នាជាមួយក្រសួងព័ត៌មាន ទៅលើការដោះស្រាយបញ្ហាការចម្លងជ្រៀតជ្រែករវាងរលកធាតុអាកាសរបស់អាកាសចរណ៍ស៊ីវិល និងរលកធាតុអាកាសរបស់វិទ្យុផ្សាយសំលេងក្រសួងព័ត៌មាន ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យអាកាសចរណ៍ស៊ីវិលជាដើម។
លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ដូច្នេះ ក្រោយពីបានចុះហត្ថលេខាព្រមព្រៀងទាំង៣ ក្រសួង ស្ថាប័ន របស់យើងនេះ ខ្ញុំជឿជាក់ថា យើងអនុវត្ត ឱ្យមានប្រសិទ្ធភាព ហើយក្តីបារម្ភរបស់អាកាសចរណ៍ស៊ីវិលនឹងអាចកាត់បន្ថយ យើងនឹងខិតខំកែច្នៃចៀសវាងការជ្រៀតជ្រែកចូលរលកធាតុអាកាសរវាងអាកាសចរណ៍ស៊ីវិល, ក្រសួងព័ត៌មាន ក៏ដូចជាក្រសួងប្រៃសណីយ៍ហ្នឹង យើងនឹងខិតខំបំបាត់ឱ្យដល់កម្រិតណាមួយដែលយើងអាចទទួលយកបានទាំងអស់គ្នា»។
លោកបានបន្ថែមថា អាកាសចរណ៍ស៊ីវិល មិនចង់ឃើញបញ្ហាគ្រោះថ្នាក់កើតឡើងលើវិស័យអាកាសចរណ៍ពាក់ព័ន្ធទៅនឹងវិទ្យុផ្សាយសំលេងផ្ទៃដី ទៅលើអាកាសយានដែលកំពុងធ្វើប្រតិបត្តិការលើដែនអាកាសនោះទេ។ ដូច្នេះ កាលណាមានបញ្ហានេះកើតឡើងលោកជឿជាក់ថាកិត្តិយសមិនមែនបាត់បង់តែលើវិស័យអាកាសចរណ៍ស៊ីវិលនោះទេ គឺអាចពាក់នឹងក្រសួងព័ត៌មាន ជាពិសេសពាក់ព័ន្ធនឹងកិត្តិយសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនអាចបម្រើសេវាកម្មវិទ្យុទាក់ទងនេះជាដើម៕