(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក សម ប៊ុនថុន ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងលោក គឺ ប៊ុណ្ណារ៉ា ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, សមាជិកនៃឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

ថ្លែងក្នុងពិធីនេះ លោក កើត រិទ្ធ បានថ្លែងថា «សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ត្បូងឃ្មុំ គឺជាសាលាឧទ្ធរណ៍តំបន់ ដែលត្រូវបានដាក់ឱ្យដំណើរការដំបូងគេ បង្អស់ជាប្រវត្តិសាស្រ្ត នៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ»

លោករដ្ឋមន្រ្តី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក សម ប៊ុនថុន ដែលទើបចូលកាន់តំណែងជាផ្លូវការជាប្រធានសាលាឧទ្ធរណ៍បាត់ដំបង, លោក នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ក៏ដូចជាលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានម៉ឹងម៉ាត់ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាឧទ្ធរណ៍បាត់ដំបង, មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ឡើងវិញពីជំហរដ៏ម៉ឹងម៉ាត់របស់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យយុត្តិធម៌ និងការពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម សំដៅលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម, លើកកម្ពស់គុណភាពនៃការកាត់ក្តីប្រកបដោយភាពត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។

ក្នុងស្មារតីនេះ លោករដ្ឋមន្ត្រី បានបន្តក្រើនរំលឹក និងណែនាំដល់ប្រធានសាលាឧទ្ធរណ៍បាត់ដំបង, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្រ្តីរាជការទាំងអស់នៅតាមសាលាជម្រះក្តីនានានៅទូទាំងប្រទេស ដូចខាងក្រោម៖

*ទី១៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។

*ទី២៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគតិធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

*ទី៣៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។

*ទី៤៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

*ទី៥៖ ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងកិច្ចសហប្រតិបតិ្តការល្អ ជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ៕