(ត្បូងឃ្មុំ)៖ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងអង្គការសហព័ន្ធសន្តិភាពសកលនៃកម្ពុជា (UPF) បានចុះអនុសារណៈយោគយល់រួមគ្នាមួយ ដើម្បីឲ្យនិស្សិត មានឱកាសផ្លាស់ប្ដូរបទពិសោធន៍ បង្កើនចំណេះដឹងក្នុងភាពជាអ្នកដឹកនាំ ពិសេសការសិក្សាលើជំនាញផ្សេងៗរួមគ្នា។

ពិធីនេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ពិន វណ្ណារ៉ូ សកលវិទ្យាធិការនៃសាកល វិទ្យាល័យ ហេងសំរិនត្បូងឃ្មុំ និងលោក Hajime Saitou អនុនាយកតំបន់នៃអង្គការសហព័ន្ធសន្តិភាពសកលនៃកម្ពុជា។

តាមរយៈការចុះអនុស្សរណៈយោគយល់នេះ សិស្ស និស្សិត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងមន្ត្រីរាជការ នឹងទទួលបានការផ្លាស់ប្ដូរបទពិសោធន៍ បង្កើនចំណេះដឹង ពិសេសការសិក្សាលើភាពជាអ្នកដឹកនាំ ក៏ដូចជាអប់រំចំណេះដឹងទៅលើការរស់នៅដោយសន្តិភាពនៅក្នុងចិត្ត, បង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន អប់រំទាំងពីរ ដោយបង្កើតនូវវគ្គបណ្ដុះបណ្ដាលឬសិក្ខាសាលារួមគ្នា បន្ថែមលើសពីនដះផ្ដល់ឱកាសឲ្យនិស្សិតសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ អាចប្រឡងប្រជែង នៅក្នុងកម្រិតតំបន់ក៏ដូចជាទៅកាន់កម្រិតពិភពលោក។

លោក ពិន វណ្ណារ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការសហព័ន្ធសន្តិភាពសកលនៃកម្ពុជា ដែលបានសហការជាមួយសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំជាដៃគូ ជួយពង្រឹងបន្ថែមចំណេះដឹងលើជំនាញផ្សេងៗ បង្កើតឱកាសសិក្សានិងឱកាសការងារជាច្រើនសម្រាប់សិស្សនិស្សិត និងមន្រ្តីរាជការនៅខេត្តត្បូងឃ្មុំ ក៏ដូចជាសំណូមពរបន្ថែមលើការសិក្សាផ្នែកភាសាកូរ៉េផងដែរ។

សូមបញ្ជាក់ថាអង្គការនេះ ផ្ដោតសំខាន់ទៅលើការអប់រំយុវជនឱ្យយល់ដឹងទៅលើបញ្ហាសន្តិភាព ក៏ដូចជាធ្វើយ៉ាងណារស់នៅឲ្យចុះសម្រុងគ្នា និងជាប្រយោជន៍ សម្រាប់សង្គម។ អង្គការនេះគឺប្រតិបត្តិការជួយគាំទ្រទៅលើគោលការណ៍អង្គការសហប្រជាជាតិ លើការបណ្ដុះបណ្ដាលធនធានមនុស្ស សន្តិភាព ពិសេសជួយឲ្យមនុស្ស រស់នៅដោយមានតម្លៃ និងជួយលើបញ្ហាការអត់ឃ្លានជាដើម៕