(កំពង់ឆ្នាំង)៖ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងភូមិពាមពពេជ ឃុំកោះថ្កូវ ស្រុកជលគីរី បណ្តាលឲ្យយុវជនម្នាក់បានស្លាប់ដោយដាច់ឆ្អឹងកញ្ចឹង-ក ដោយសារឃាតកម្នាក់ បានលបកាប់មួយកាំបិតចំ ពីក្រោយពេញទំហឹង ខណៈជនរងគ្រោះកំពុងជិះម៉ូតូ១គ្រឿង នៅពីក្រោយមិត្តភក្តិគេ២នាក់ទៀត នៅផ្លូវបត់ក្នុងភូមិ ពេលត្រឡប់មកពីទិញសាច់ក្លែមវិញ។

នគរបាលព្រហ្មទណ្ឌស្រុកជលគីរី បានឲ្យដឹងថា ករណីឃាត់កម្មនេះ កើតឡើងនៅ១០៖០៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ដោយយុវជនរងគ្រោះមាន ឈ្មោះ ផាន វណ្ណះ អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ត្រូវបានឃាតករកាប់មួយកាំបិត ដាច់ឆ្អឹងកញ្ចឹងកធ្លាក់ពីលើម៉ូតូ ស្លាប់ផ្កាប់មុខក្នុងថ្លុកឈាមនៅ កន្លែងកើតហេតុ។

មិត្តភក្តិជនរងគ្រោះ ស្ថិតនៅក្នុងហេតុការណ៍នេះ ជាមួយជនរងគ្រោះឈ្មោះ សៀង ហាវ អាយុ១៩ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមិត្តភក្តិរបស់ខ្លួនចំនួន៦នាក់ ក្រោយពីបានផឹកស្រាមួយលើករួចមកហើយ នៅផ្ទះមិត្តភក្តិក្បែររោងបុណ្យ ក្នុងភូមិពាមពពេជ ដោយអស់សាច់ក្លែម ក៏បាននាំគ្នាឡើងជិះម៉ូតូ២គ្រឿង មានគ្នា៦នាក់ទៅខាងកើតភូមិរកទិញប្រហិត យកមកក្លែមបន្តទៀត។ ពេលទៅដល់ផ្ទះអ្នកចៀនប្រហិតលក់ ដោយរង់ចាំយូរក៏អោយមិត្តភក្តិ៣នាក់ជិះម៉ូតូ១គ្រឿង ចាំយកប្រហិតក្លែម ចំណែកពួកគេ៣នាក់ បានជិះម៉ូតូ១គ្រឿងចេញមកមុន ដោយឈ្មោះ អឿន ផល្លា អាយុ២៥ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម រូបគេ(ឈ្មោះ សៀង ហាវ) ជិះកណ្តាល និងឈ្មោះ ផាន វណ្ណៈ ជាជនរងគ្រោះជិះក្រោយគេ។

នៅពេលជិម៉ូះតូចេញពីផ្ទះ អ្នកលក់ប្រហិតមកដល់ផ្លូវបត់កែងស្តាំដៃមក កណ្តាលភូមិ ក៏ស្រាប់តែមានគេលួចកាប់១កាំបិត ពីក្រោយចំដាច់ឆ្អឹងកញ្ចឹកកឈ្មោះ ផាន វណ្ណៈ ធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ពេលនោះគេឃើញជនដៃដល់ស្លៀកខោខ្លី អត់ពាក់អាវកាន់កាំបិត១នៅដៃ គេចខ្លួនមកក្រោយទៅទិសខាងកើតវិញ បាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុពួកគេ ក៏បានរត់ប្រាប់ប្រជាពលរដ្ឋក្នុងភូមិ អោយមកជួយមើល ហើយក៏បានរាយការណ៍ ជូនមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល មកការពារនិងព័ទ្ធខ្សែយាមកាម ជុំវិញកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យទៅតាម មុខការរបស់សមត្ថកិច្ចជំនាញ។

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នគរបាលព្រហ្មទណ្ឌ័ស្រុកជលគីរី និងនគរបាលព្រហ្មទណ្ឌខេត្ត បានសហការគ្នាចុះពិនិត្យកន្លែងកើហេតុ និងស្រាវជ្រាវនៅក្នុងភូមិកើតហេតុ ដើម្បីកំណត់រកមុខសញ្ញាជនដៃដល់ជាឃាតករ ។ ករណីនេះសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានសន្និដ្ឋានជំហានដំបូងថា អាចកើតឡើងដោយសាររឿងគំនុំអ្វីមួយ។

ម្តាយនិងបងប្អូនយុវជនរងគ្រោះ បានស្រែកទ្រហោយំក្តុកក្តួលក្នុងក្តីអាឡោះអាល័យ និងសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្វែងរកជនដៃដល់ជាឃាតកឲ្យឃើញ ដើម្បីចាប់ខ្លួនយកផ្តន្ទាទោសតាមផ្លូវច្បាប់៕