(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា ដែលទើបចាប់កំណើត លោក ពេជ្រ ស្រស់ បានវាយសំពងយ៉ាងចាស់ដៃទៅលើគណបក្សសង្រ្គោះជាតិ (CNRP) បក្សប្រឆាំងនៅកម្ពុជា។ លោក ពេជ្រ ស្រស់ បានហៅការប្រឆាំងរបស់គណបក្សសង្រ្គោះជាតិថា ជាការប្រឆាំង ដើម្បីតែអំណាច និងនាំឲ្យកម្ពុជា ធ្លាក់ទៅក្នុងជ្រោះនៃក្តីវិនាសហិនហោច។

នៅលើទំព័រ Facebook របស់ខ្លួន មេបក្សដែលមានវ័យទើបជាង៣០ឆ្នាំរូបនេះ បានធ្វើការវាយប្រហារទាំងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថា តែងតែសាបព្រោះនូវគ្រាប់ពូជលាបពណ៌ ដោយមិនបានលើកមកបង្ហាញនូវអ្វី ដែលជាតថភាពពិតនៅក្នុងសង្គមកម្ពុជា ជាហេតុធ្វើឲ្យមានការរើសអើង ប្រកាន់បក្ខពួក និងនាំឲ្យមានការធ្លាក់ចុះនូវ សីលធម៌ក្នុងសង្គមខ្មែរផងដែរ។

លោក ពេជ្រ ស្រស់ បានលើកជាឧទាហរណ៍ថា «ក្នុងអំឡុងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១២ គឺឲ្យតែមាននរណាម្នាក់និយាយអាក្រក់ពីគណបក្ស CPP គឺក្រុម ឬ អ្នកគាំទ្រ CPP នឹងចោទថា ជនអគតិ ឬ ជនល្ងង់ខ្លៅ ហើយចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្នវិញ ឲ្យតែជនណាមួយនិយាយអាក្រក់ ឬ រឿងពិតរបស់គណបក្ស CNRP គឺថាក្រុមឬអ្នកគាំទ្រ CNRP នឹងវាយប្រហារភ្លាមចោទថា ជាជនស៊ីឈ្នួលរបស់បក្ស CPP ឬ ជាអាយ៉ងយួន ម៉្យាងវិញទៀត ឲ្យតែមានអ្នកបើកគណបក្សថ្មីក្នុងពេលនេះ អ្នកទាំងអស់នោះ (អ្នកគាំទ្រ CNRP) តែងតែចោទថា អ្នកស៊ីឈ្នួលធ្វើនយោបាយ ឬបក្ស CPP បង្កើត ដើម្បីបំបែកសំឡេងរបស់បក្សខ្លួន»។

លោក ពេជ្រ ស្រស់ បានហៅគណបក្សសង្រ្គោះជាតិថា ជាគណបក្សពូកែខាងចោទ និងលាបពណ៌ទាំងគ្មានការពិត ហើយបន្តដើរឃោសនាបោកប្រាស់រាស្រ្តគ្រប់អាណត្តិ។ មេបក្សយុវជនកម្ពុជា ដែលមានទិសដៅលើកស្ទួយដល់យុវជនកម្ពុជា បានថ្លែងវាយប្រហារគណបក្សសង្រ្គោះជាតិថា «សព្វថ្ងៃគណបក្សសង្រ្គោះជាតិ កំពុងបន្តនូវអាវប្បធម៌ដើរបោកបញ្ឆោតរាស្រ្ត ដើម្បីខ្លួនឯងឈានទៅការកាន់អំណាច ប្រឆាំង ដើម្បីខ្លួនធ្វើជានាយករដ្ឋមន្រ្តី»។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា បក្សប្រឆាំងនៅបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន មានសក្កានុពលជាងបក្សកាន់អំណាចទៅទៀត ក្នុងការធ្វើសកម្មភាពកែប្រែសង្គម មិនចាំបាច់ដល់ឡើង កាន់អំណាចនោះឡើយ។ វាផ្ទុយពីសកម្មភាពរបស់គណបក្សសង្រ្គោះជាតិ កំពុងធ្វើនាពេលបច្ចុប្បន្ន ដែលនឹងនាំឲ្យកម្ពុជាវិនាសហិនហោច៕